កម្ពុជាព្រួយបារម្ភចំពោះភាពតានតឹង ដែលកំពុងកើតឡើងនៅកោះតៃវ៉ាន់

Asean Foreign Ministers' meeting.jpg

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

កម្ពុជា ប្រកាន់យកគោលការណ៍ចិនតែមួយ ហើយប្រាកដណាស់ ក្នុងនាមជាប្រធានអាស៊ាន គឺកម្ពុជា មិនចង់ឃើញមានការប្រឈមមុខដាក់គ្នានោះទេ។ កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធ មានកិច្ចពិភាក្សាក្នុងន័យស្ថាបនា និងសន្តិវិធី ពោលគឺប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហា។


យើងឃើញថា ពេលនេះ មានស្ថានភាពតឹងតែងនៅតៃវ៉ាន់ យើងមិនចង់ឃើញវានោះទេ។ ទាំងនេះគឺជាការលើកឡើងរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

ក្នុងសន្និសីទកាសែត ​លោក គង់ ភោគ បានឆ្លើយតប​នឹងសំណួ​រអ្នកកាសែត ជាភាសាអង់គ្លេសថា «ជំហររបស់ប្រទេសកម្ពុជា គឺស្របគ្នាខ្លាំងណាស់។ យើងគោរពគោលនយោបាយចិនតែមួយ​ ហើយយើងសង្ឃឹមថា អ្នកដឹងហើយថា ភាគីទាំងអស់ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ និងឯកសារសំខាន់ៗ ដែលពួកគេទាំងអស់គ្នា បានយល់ព្រមរួចហើយ។ ជាការពិតណាស់ យើងមានការព្រួយបារម្ភ ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតៃវ៉ាន់។ យើងមិនចង់ឃើញបែបនេះទេ ព្រោះដូចដែលអ្នកអាចមើលឃើញពិភពលោក កំពុងជួបវិបត្តិច្រើនក្នុងពេលតែមួយក្នុងពេលបច្ចុប្បន្ន»។

លោករដ្ឋលេខាធិការ បន្ថែមថា «យើងកំពុងតែងើបឡើងវិញពីជំងឺរាតត្បាត (កូវីដ-១៩) ហើយឥឡូវនេះ ក៏មានស្ថានភាពបញ្ហាសន្តិសុខក្នុងតំបន់ និងក្រៅតំបន់ផងដែរ។ អ្វីដែលយើងចង់ឃើញ នៅពេលនេះ គឺការកាត់បន្ថយនូវការកើនឡើងនៃភាពតានតឹងនៅទីនោះ ហើយយើងសង្ឃឹមថា ភាគីទាំងអស់ នឹងចូលរួមក្នុងការសន្ទនាដោយសន្តិវិធី និងស្ថាបនា។ ដោយសារតែយើងមិនគិតថាសង្រ្គាម ឬការប្រើអំពើហិង្សា នឹងនាំមកនូវដំណោះស្រាយសម្រាប់វិបត្តិទេ។ យើងសូមលើកទឹកចិត្តដល់ភាគីជម្លោះទាំងអស់ ឱ្យចូលរួមក្នុងការសន្ទនាប្រកបដោយមិត្តភាព ដោយសន្តិវិធី និងបើកចំហ ដើម្បីឱ្យពួកគេអាចបន្ថយភាពតានតឹង។ គឺគិតវិធីបង្រួមនូវគម្លាតខុសគ្នា និងពង្រីកនូវអ្វី ដែលជាចាប់អារម្មណ៍រួម»។

ជំហររបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានខាងលើនេះ បានធ្វើឡើង ខណៈដែលចិន និងអាមេរិក កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលលោកស្រី Nancy Pelosi កំពុងបំពេញទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមាន សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។ នៅថ្ងៃទី១ ខែសីហា លោកស្រី ប្រធានសភាអាមេរិក បានបំពេញទស្សនកិច្ចនៅសឹង្ហបុរី ដោយបានជួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង និងលោកស្រី ហាលីម៉ា យ៉ាកុប ប្រធានាធិបតីសឹង្ហបុរី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។

ចំណែកនៅថ្ងៃទី២សីហានេះ លោកស្រី ផេឡូស៊ី បានទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី។ នៅព្រលប់ថ្ងៃទី២សីហានេះ ពេលចាកចេញពីម៉ាឡេស៊ី យន្តហោះរបស់លោកស្រីប្រធានរដ្ឋសភាអាមេរិក បានតម្រង់គោលដៅទៅកាន់កោះតៃវ៉ាន់ ដែលចិន បានជំទាស់នឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក នៅដែនកោះ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន។ ចិនក៏បានប្រកាសព្រមានជាមុន ខណៈដែលចិន បានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត នៅឆ្នេរសមុទ្រ ជិតដែនកោះតៃវ៉ាន់ជាយូរថ្ងៃមកហើយ។

បន្ទាប់ពីយន្តហោះរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី បានចុះចតនៅកោះតៃវ៉ាន់ នាយប់ថ្ងៃទី២ ខែសីហា ចិនបានប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតកោះតៃវ៉ាន់ ហើយបានចល័តទ័ព ទៅព្រំដែនតៃវ៉ាន់ និងប្រកាសអាសន្ន នៅខេត្តជាប់នោះ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now