ក្រុមយុវជនកម្ពុជា ប្តូររូបថតនៅ Profile Facebook ថា ទៅបោះឆ្នោត ខណៈដែលក្រុមប្រឆាំង ឃោសនា មិនឲ្យទៅបោះឆ្នោត

NEC Spokeman Dom Sovanarom

NEC Spokeman Dom Sovanarom Source: Meng Phalla

ក្រុមយុវជន ថ្នាក់ដឹកនាំ និងសកម្មជន ដែលគេដឹងថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានផ្តើមយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។


ក្នុងនោះ គេឃើញ​អ្នក​លេង​ហ្វេសប៊ុក ពិសេស​ក្រុម​យុវជន​មួយចំនួន បានដាក់កម្រង​រូបថត នៅ Profile Facebook ថា «យើងទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ» ឬក៏ពាក្យថា «ខ្ញុំទៅបោះឆ្នោត ព្រោះខ្ញុំស្រឡាញ់ប្រទេសខ្ញុំ» ជាដើម។

យ៉ាងណាក៏ដោយ នៅលើហ្វេសប៊ុកដដែល ក្រុមអតីត​អ្នកនយោបាយ និងសកម្មជនអ្នកគាំទ្រអតីត​គណបក្ស​សង្គ្រោះជាតិវិញ បានលើកឡើងថា ការទៅ ឬមិនទៅបោះឆ្នោត ជាសិទ្ធិរបស់​ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ​។ ដូច្នេះ ចង់ទៅ ឬមិនទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺជាសិទ្ធិសម្រេច​របស់ប្រជាពលរដ្ឋខ្មែរ ដោយ​មិនមានជនណាមួយ អាចបង្ខិតបង្ខំឡើយ ហើយបើទៅបោះឆ្នោត និងសម្រេច​បោះឆ្នោតឲ្យគណបក្សណា ក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រោះជាការបោះឆ្នោតសម្ងាត់ មិនមានជនណាមួយដឹងថា បុគ្គលណាមួយ បោះឆ្នោតឲ្យគណបក្សណានោះទេ​។

ចរន្តហ្វេសប៊ុក​ ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនេះ បានកើតឡើងភ្លាមៗ ក្រោយពីគ.ជ.ប បានបញ្ចប់​ការទទួលចុះឈ្មោះគណបក្ស​នយោបាយ ដើម្បីចូលរួមប្រកួតប្រជែង​ការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា។ ក្នុងនោះ តាមគជប មានគណបក្សចំនួន ២០ បានចុះឈ្មោះ ដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ​។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់បន្ថែមពីនីតិវិធី​ នៃ​ការពិនិត្យ​លើសំណុំឯកសារ ដែល​គណបក្សនយោបាយ បានចុះឈ្មោះ​ចូលរួមប្រកួតប្រជែងការបោះឆ្នោត យ៉ាងដូច្នេះថា៖

( សំឡេងលោកឌឹមសុវណ្ណារុំ )

យ៉ាងណាក៏ដោយ ដោយសារតែការចុះឈ្មោះបោះឆ្នោត លើកនេះ មិនមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួម ព្រោះអតីតគណបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូល របស់ប្រទេស​កម្ពុជា សម្រេចរំលាយចោល​ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយដកហូត​យកអាសនៈនៅរដ្ឋសភា នៅឃុំសង្កាត់ និងនៅក្រុមប្រឹក្សារាជធានីខេត្ត ស្រុកក្រុង និងខណ្ឌ ទូទាំងប្រទេស នោះ ទើប​អ្នកនយោបាយរបស់អតីតគណបក្ស​សង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស គ.ជ.ប ក្រោយពីគជប ឈប់ទទួលពាក្យចុះឈ្មោះគណបក្សនយោបាយ កាលពីថ្ងៃទី១៤ឧសភា។

ក៏ប៉ុន្តែ​អ្នកនាំពាក្យគជប ១រូបទៀត និងជាសមាជិកគជប លោក ហង្ស ពុទ្ធា ចាត់ទុកការលើកឡើងរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ថា​កំពុងដើរបញ្ច្រាស់ច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ហើយថា គជប អនុវត្តតាម​ច្បាប់ ហើយ​ច្បាប់ និងប្រជាធិបតេយ្យនៅកម្ពុជា មិនមែនជាកម្មសិទ្ធិផ្ដាច់មុខ​របស់គណ​បក្ស ឬបុគ្គល​ណាមួយឡើយ។

ទោះបីជាអតីត​អ្នកនយោបាយ គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការនៅក្រៅប្រទេស​ ទាមទារ​ឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍​លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ បានចូលរួមការបោះឆ្នោត និងដោះលែងលោកកឹមសុខា ព្រមទាំង​អ្នកនយោបាយដទៃទៀត របស់អតីតគណបក្សសង្គ្រោះជាតិ​ មានសិទ្ធិចូលរួមធ្វើនយោបាយឡើងវិញក៏ដោយ ក៏នៅពេលនេះ រដ្ឋាភិបាល ពិសេសគជប នៅតែបន្តដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ដោយគ្មានកែប្រែ។ រីឯសហគមន៍អន្តរជាតិ ដូចជា ជប៉ុន ចិន និងរុស្ស៊ី ជាដើម បានគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ទោះបីជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកខ្លួន​ ចេញពីគជប ក្រោយពីការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ​ កាលពីចុងឆ្នាំ២០១៧​ ក៏ដោយ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ក្រុមយុវជនកម្ពុជា ប្តូររូបថតនៅ Profile Facebook ថា ទៅបោះឆ្នោត ខណៈដែលក្រុមប្រឆាំង ឃោសនា មិនឲ្យទៅបោះឆ្នោត | SBS Khmer