ជំរឿនឆ្នាំ២០២៦៖ អ្វីដែលអ្នកត្រូវដឹង ដើម្បីប្រាកដថាអ្នកត្រូវបានរាប់បញ្ចូល

Census other dwelling visits_credit ABS.jpg
The Census is compulsory to complete for everyone in Australia. Credit: ABS

ជំរឿនឆ្នាំ ២០២៦ គឺនៅថ្ងៃអង្គារ ទី១១ ខែសីហា ហើយគេនឹងរាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីនៅយប់នេះ។ ទិន្នន័យជំរឿនត្រូវបានប្រើដើម្បីយល់ដឹងពីទីកន្លែងដែលប្រជាជនរស់នៅ ភាសាដែលប្រើនៅផ្ទះ ការគាំទ្រដែលសហគមន៍ត្រូវការ និងរបៀបដែលប្រទេសអូស្ត្រាលីកំពុងផ្លាស់ប្តូរក្នុងនាមជាប្រជាជាតិមួយ។ ការដែលត្រូវបានគេរាប់ ជួយធានាថាអ្នកបានតំណាងឱ្យសហគមន៍ និងវប្បធម៌របស់អ្នក។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីការបំពេញជំរឿនសម្រាប់ក្រុមគ្រួសាររបស់អ្នក។


Published

Updated

By Melissa Compagnoni, Sopharany Hay

Presented by Sopharany Hay

Source: SBS



Share this with family and friends


ជំរឿនឆ្នាំ ២០២៦ គឺនៅថ្ងៃអង្គារ ទី១១ ខែសីហា ហើយគេនឹងរាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីនៅយប់នេះ។ ទិន្នន័យជំរឿនត្រូវបានប្រើដើម្បីយល់ដឹងពីទីកន្លែងដែលប្រជាជនរស់នៅ ភាសាដែលប្រើនៅផ្ទះ ការគាំទ្រដែលសហគមន៍ត្រូវការ និងរបៀបដែលប្រទេសអូស្ត្រាលីកំពុងផ្លាស់ប្តូរក្នុងនាមជាប្រជាជាតិមួយ។ ការដែលត្រូវបានគេរាប់ ជួយធានាថាអ្នកបានតំណាងឱ្យសហគមន៍ និងវប្បធម៌របស់អ្នក។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីការបំពេញជំរឿនសម្រាប់ក្រុមគ្រួសាររបស់អ្នក។


Key Points

  • ការធ្វើជំរឿនគឺជាកាតព្វកិច្ចសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសអូស្ត្រាលី នៅយប់ជំរឿន ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
  • ចម្លើយរបស់អ្នក ជួយដល់អ្នកផ្តល់សេវា ឱ្យយល់ពីតម្រូវការរបស់អ្នកនាពេលបច្ចុប្បន្ន និងរបៀបដែលតម្រូវការទាំងនោះអាចផ្លាស់ប្តូរនាពេលអនាគត។
  • ព័ត៌មានផ្ទាល់ខ្លួនទាំងឡាយណាដែលអ្នកផ្តល់ឱ្យ នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព ហើយមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកបានឡើយ។
  • ទិន្នន័យជំរឿនផ្តល់ព័ត៌មានដល់ការសម្រេចចិត្តអំពីសេវាកម្ម និងការគាំទ្រដែលសហគមន៍របស់អ្នកទទួលបាន។

តើការធ្វើជំរឿនគ្រាន់តែនិយាយអំពីការរាប់ចំនួនមនុស្សមែនដែរឬទេ?

រៀងរាល់ប្រាំឆ្នាំម្តង ការិយាល័យស្ថិតិអូស្ត្រាលី (ABS) រាប់ចំនួនមនុស្ស និងគ្រួសារនីមួយៗនៅក្នុងប្រទេសអូស្ត្រាលី។ នេះគឺជាការធ្វើជំរឿនប្រជាជន និងលំនៅឋាន ដែលត្រូវបានគេស្គាល់យ៉ាងសាមញ្ញថាជាជំរឿន

ព័ត៌មានដែលប្រមូលបានជួយកំណត់រចនាសម្ព័ន្ធសេវាកម្មដែលតំបន់ ឬសហគមន៍របស់អ្នកទទួលបាន។

អ្នកនាំពាក្យខាងផ្នែកជំរឿនថ្នាក់ជាតិរបស់ការិយាល័យស្ថិតិអូស្រ្តាលី លោកស្រី Emily Walter មានប្រសាសន៍ថា ការធ្វើជំរឿនគឺជាការប្រមូលទិន្នន័យដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី និងផ្តល់នូវស្ថិតិដ៏មានតម្លៃបំផុតមួយចំនួនរបស់ប្រទេសនេះ។

លោកស្រីនិយាយថា "វាជារូបភាពសង្ខេបអំពីយើងជានរណា... និងបង្ហាញពីរបៀបដែលយើងកំពុងផ្លាស់ប្តូរតាមពេលវេលា។"

"ជំរឿនសួរសំណួរអំពីសុខភាព ការអប់រំ សាវតារវប្បធម៌ ការងារ និងអ្វីៗផ្សេងទៀត ដែលទាំងអស់នេះផ្តល់នូវរូបភាពដ៏សម្បូរបែបនៃសមាសភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសអូស្ត្រាលី”

ទិន្នន័យជំរឿនជួយធានាថាសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានសម្រាប់បុគ្គល ក្រុមគ្រួសារ និងសហគមន៍ នៅកន្លែងណា និងពេលវេលាណាដែលពួកគេត្រូវការ។ នេះរួមបញ្ចូលទាំងសេវាកម្មភាសា សាលារៀន ការថែទាំសុខភាព កម្មវិធីសហគមន៍ ការដឹកជញ្ជូនសាធារណៈ និងការគាំទ្រការតាំងទីលំនៅ។

Census form delivery_credit ABS.jpg
Census Field Officers will help ensure everyone is counted by following up with households that haven’t completed their Census. Credit: ABS

តើអ្នកណាត្រូវតែបំពេញបែបបទជំរឿន?

មនុស្សគ្រប់រូបនៅក្នុងប្រទេសអូស្ត្រាលីនៅយប់ធ្វើជំរឿន ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ត្រូវបានគេរាប់បញ្ចូល។

ការបំពេញបែបបទជំរឿនគឺជាកាតព្វកិច្ច។ នេះមានន័យថា គ្រួសារនីមួយៗត្រូវតែចូលរួម ហើយមនុស្សគ្រប់រូបត្រូវតែរាប់បញ្ចូលក្នុងបែបបទជំរឿន។

លោកស្រី Walter មានប្រសាសន៍ថា "នោះរួមបញ្ចូលទាំងនិស្សិតអន្តរជាតិ អ្នកមកលេង អ្នកកាន់ទិដ្ឋាការនានា និងទារក។ មនុស្សមួយចំនួនខកខានមិនបានរាប់ទារកចូលនៅក្នុងបែបបទជំរឿនរបស់ពួកគេទេ!"។

នៅពេលបំពេញជំរឿនសម្រាប់គ្រួសាររបស់អ្នក អ្នកត្រូវរាប់បញ្ចូលមនុស្សគ្រប់គ្នាដែលកំពុងស្នាក់នៅក្នុងផ្ទះរបស់អ្នកនៅយប់ជំរឿន។

ចុះបើខ្ញុំមិននៅផ្ទះ នៅយប់ធ្វើជំរឿន?

ប្រសិនបើអ្នកនៅបរទេស នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ អ្នកមិនចាំបាច់បំពេញបែបបទធ្វើជំរឿនទេ។

ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរនៅក្នុងប្រទេសអូស្រ្តាលី ឧទាហរណ៍ ទៅបោះតង់ ឬស្នាក់នៅផ្ទះមិត្តភក្តិ អ្នកត្រូវតែ បំពេញបែបបទធ្វើជំរឿន​ នៅ​កន្លែង​ណាក៏ដោយដែល​អ្នក​ស្នាក់នៅ។ ជំរឿនក៏រួមបញ្ចូលផងដែរ នូវសំណួរអំពីកន្លែងដែលអ្នករស់នៅតាមធម្មតា។

អ្នកមិនចាំបាច់បំពេញវានៅយប់ធ្វើជំរឿនពិតប្រាកដនោះទេ ប៉ុន្តែចម្លើយរបស់អ្នក ត្រូវតែឆ្លុះបញ្ចាំងពីកន្លែងដែលអ្នកស្ថិតនៅ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦។ អ្នកអាចបំពេញបានភ្លាមៗ នៅពេលដែលអ្នកទទួលបានការណែនាំរបស់អ្នក ប្រសិនបើអ្នកដឹងថា អ្នកនឹងនៅទីណានៅយប់ធ្វើជំរឿន។

តើគេនឹងសួរសំណួរអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃ មុនឈានដល់យប់ធ្វើជំរឿន ក្រុមគ្រួសារភាគច្រើននឹងទទួលបានលិខិតមួយច្បាប់ពន្យល់ពីរបៀបបំពេញបែបបទជំរឿនតាមអនឡាញ។ គ្រួសារខ្លះនឹងទទួលបានបែបបទជាក្រដាស។

Completing a paper Census form_credit ABS.jpg
You can complete the Census online, on paper, or with help from Census staff. Credit: ABS

លោកស្រី Walter មានប្រសាសន៍ថា ជំរឿនរួមមានសំណួរអំពីសុខភាព ការអប់រំ ការងារ និងប្រធានបទផ្សេងៗទៀត ដែលរួមគ្នាគូររូបភាពទូលំទូលាយអំពីក្រុមគ្រួសារ និងសហគមន៍មួយ។

 “សំណួរដូចជា តើមនុស្សម្នាក់មានដើមកំណើតជាជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ដែរឬទេ ភាសាផ្សេងក្រៅពីភាសាអង់គ្លេសដែលនិយាយនៅផ្ទះ ប្រទេសកំណើត និងប្រទេសកំណើតរបស់ឪពុកម្តាយ ពូជពង្ស សាសនា និងឆ្នាំដែលមកដល់ប្រទេសអូស្ត្រាលី ប្រធានបទប្រភេទនោះ”។

ចុះបើខ្ញុំមានការព្រួយបារម្ភអំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំត្រូវបានគេប្រើប្រាស់?

មានវិធានការបង្ការដើម្បីការពារឯកជនភាពរបស់អ្នក។

ជំរឿនមិនមែននិយាយអំពីបុគ្គលម្នាក់ៗទេ ប៉ុន្តែនិយាយអំពីព័ត៌មានពីប្រជាជនទាំងអស់។

ជំរឿនសួរ ឈ្មោះ និងអាសយដ្ឋានរបស់អ្នក ដើម្បីគាំទ្រដល់គុណភាពទិន្នន័យ រួមទាំងទិន្នន័យត្រឹមត្រូវសម្រាប់តំបន់ផ្សេងៗគ្នា។ ឈ្មោះត្រូវបានញែកចេញពីព័ត៌មានលម្អិតផ្សេងទៀត នៅដើមដំបូងនៃដំណើរការនេះ។

យើងមិនត្រូវបានអនុញ្ញាតដោយស្របច្បាប់ ឱ្យចែករំលែកទិន្នន័យជំរឿនជាមួយនរណាម្នាក់ ឬក៏ភ្នាក់ងាររដ្ឋាភិបាលណាមួយ ឬក៏អ្វីផ្សេងទៀតឡើយ តាមរបៀបដែលវាទំនងជាអាចកំណត់អត្តសញ្ញាណរបស់ជនណាម្នាក់នោះទេ។
Emily Walter

នេះមានន័យថា ព័ត៌មានដែលអ្នកផ្តល់គឺជាការសម្ងាត់ ត្រូវបានរក្សាទុកដោយសុវត្ថិភាព ហើយមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកបានទេ។ អង្គការនានា រួមទាំងក្រសួងរដ្ឋាភិបាលក្រៅពី ABS មិនអាចចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអ្នកបញ្ចូលក្នុងបែបបទជំរឿនរបស់អ្នកបានទេ។

ទិន្នន័យជំរឿនដែលមិនកំណត់អត្តសញ្ញាណបាន ត្រូវបានប្រើប្រាស់ដោយក្រុមសហគមន៍ អង្គការមិនស្វែងរកប្រាក់ចំណេញ អាជីវកម្ម និងរដ្ឋាភិបាល។

Welcoming Australia គឺជាអង្គការមួយក្នុងចំណោមអង្គការទាំងនោះ។ ពួកគេធ្វើការជាមួយរដ្ឋាភិបាលមូលដ្ឋាន ក្លឹបកីឡា សាកលវិទ្យាល័យ និងកន្លែងធ្វើការទូទាំងប្រទេស។

លោក Aleem Ali នាយកប្រតិបត្តិនៃ Welcoming Australia ពន្យល់ពីសារៈសំខាន់នៃចម្លើយដ៏ស្មោះត្រង់របស់អ្នក។

“ប្រសិនបើអ្នកមិនកត់ត្រាភាសា ជំនឿ វប្បធម៌របស់អ្នកទេ អ្នកនឹងក្លាយជាមនុស្សដែលគេមើលមិនឃើញ នៅពេលធ្វើការសម្រេចចិត្តផ្តល់មូលនិធិ។”

Census follow-up visits_credit ABS.jpg
Census Field Officers can follow up with households that haven’t completed the Census. Credit: ABS

ហេតុអ្វីបានជាវាសំខាន់ក្នុងការផ្តល់ចម្លើយត្រឹមត្រូវនៅក្នុងជំរឿន?

ការឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះសំណួរជំរឿនទាំងអស់ ធានាថាសំឡេងរបស់អ្នក និងសហគមន៍របស់អ្នកត្រូវបានរួមបញ្ចូលនៅពេលរៀបចំផែនការសម្រាប់សាលារៀន មជ្ឈមណ្ឌលសហគមន៍ ការគាំទ្រភាសា និងសេវាកម្មសំខាន់ៗផ្សេងទៀត។

លោក អាលី ជំរុញឱ្យមនុស្សគ្រប់គ្នាឆ្លើយសំណួរដោយស្មោះត្រង់ និងត្រឹមត្រូវ។

ការចូលរួមពិតជានិយាយអំពីសេចក្តីថ្លៃថ្នូរនៃការដែលត្រូវបានគេមើលឃើញ និងក្តីសប្បុរសនៃធនធានដែលសហគមន៍របស់អ្នកសមនឹងទទួលបាន។
Aleem Ali

លោក Peter Doukas គឺជាប្រធានក្រុមប្រឹក្សាសហគមន៍ជនជាតិភាគតិចអូស្ត្រាលី ហៅកាត់ថា FECCA។

លោកមានប្រសាសន៍ថា អង្គការសហគមន៍ដូចជាក្រុមប្រឹក្សាសហគមន៍ជនជាតិភាគតិចបានសហការជាមួយ ABS ដើម្បីផ្តល់ព័ត៌មានជំរឿនជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស និងដើម្បីបន្ធូរបន្ថយក្តីកង្វល់ណាមួយ។ 

លោកមានប្រសាសន៍ថា “ការទទួលបានទិន្នន័យត្រឹមត្រូវ និងជួយប្រជាជនឲ្យយល់ថា វាជាផ្នែកមួយដ៏សំខាន់នៃជីវិតពលរដ្ឋនៅក្នុងប្រទេសអូស្ត្រាលីគឺជាចំណុចស្នូល”។

លោក Aleem Ali មានប្រសាសន៍ថា ទិន្នន័យជំរឿនដើរតួនាទីយ៉ាងសំខាន់សម្រាប់ អង្គការ Welcoming Australia “... ពីព្រោះវាជួយយើងគាំទ្រអង្គការនានាដែលយើងធ្វើការជាមួយឲ្យមានការស្វាគមន៍ និងការរួមបញ្ចូលគ្នាកាន់តែច្រើន និងធ្វើការកាន់តែមានប្រសិទ្ធភាពជាមួយ... សហគមន៍ចម្រុះ”។

AU21-P00001379-07_Census_IngerGen_Family_HowTo_RGB.jpg
Credit: ABS/CHRIS BUDGEON PHOTO

តើទិន្នន័យជំរឿនជួយដល់សហគមន៍ពហុវប្បធម៌យ៉ាងដូចម្តេច?

ជំរឿនមានឥទ្ធិពលពិតប្រាកដទៅលើប្រជាជន។

ព័ត៌មានដែលអ្នកផ្តល់ឱ្យ ជួយដល់ក្រុមសហគមន៍ អាជីវកម្ម និងរដ្ឋាភិបាលធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានអំពីប្រភេទសេវាកម្ម និងការគាំទ្រដែលសហគមន៍របស់អ្នកទទួលបាន។

លោក Aleem Ali និយាយថា ទិន្នន័យជំរឿនអាចត្រូវបានគេមើលឃើញថាជាផែនទីមួយ ដែលបង្ហាញថាយើងជានរណាក្នុងនាមជាប្រជាជាតិមួយ។

“ឧទាហរណ៍ នៅពេលដែលទិន្នន័យបង្ហាញពីចំនួនប្រជាជនច្រើន នៅក្នុងទីតាំងជាក់លាក់មួយ ដែលមានជំនាញភាសាអង់គ្លេសទាប ភស្តុតាងនោះអាចត្រូវបានប្រើដើម្បីគាំទ្រដល់អ្វីៗដូចជា សេវាថែទាំសុខភាពជាភាសាផ្សេងក្រៅពីអង់គ្លេស និងសេវាបកប្រែនៅមន្ទីរពេទ្យក្នុងតំបន់។ វាក៏ជួយយើងកំណត់អត្តសញ្ញាណ អ្វីដែលយើងអាចហៅថាសហគមន៍លាក់កំបាំង ដែលជារឿយៗត្រូវបានគេមើលរំលង នៅក្នុងការពិគ្រោះយោបល់ និងការផ្តល់មូលនិធិតាមបែបប្រពៃណី”។

ហើយនៅពេលដែលអ្នកឃើញរូបភាពដ៏ធំនេះ មានភាពចម្រុះជាច្រើននៅក្នុងសហគមន៍ពហុវប្បធម៌របស់ប្រទេសអូស្ត្រាលី ដែលមានសារៈសំខាន់ក្នុងការផ្តិតយក។

 

លោក Doukas និយាយថា “ឧទាហរណ៍ សហគមន៍ដែលបង្កើតឡើងរួចហើយកាន់តែច្រើន អាចមានតម្រូវការពិសេស ជុំវិញការគាំទ្រសម្រាប់មនុស្សចាស់ ចំណែកឯអ្នកមកដល់ថ្មី អាចមានតម្រូវការនៃការគាំទ្រផ្នែកភាសា ឬសូម្បីតែអ្វីមួយជាមូលដ្ឋាន ដូចជាការគាំទ្រការតាំងទីលំនៅ និងសាលារៀន”។

Census engagement staff 2_credit ABS (1).jpg
You can receive in-person help at Census pop-up hubs.

តើមានជំនួយគាំទ្រដែរឬទេ?

នៅពេលដែលកាលបរិច្ឆេទជំរឿនកាន់តែខិតជិតមកដល់ ABS កំពុងធ្វើការជាមួយអង្គការ អាជីវកម្ម និងក្រុមសហគមន៍នៅទូទាំងប្រទេសអូស្ត្រាលី ដើម្បីធានាថា ប្រជាជនអាចបំពេញជំរឿនបាននៅគ្រប់ទីកន្លែង។ នេះគ្របដណ្តប់ទាំងតំបន់ទីក្រុង តំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយធានាថាប្រជាជនដែលនៅឆ្ងាយពីផ្ទះ ឧទាហរណ៍នៅសណ្ឋាគារ មន្ទីរពេទ្យ កន្លែងបោះតង់ និងឧទ្យានសម្រាប់រថយន្តស្នាក់នៅ(caravan parks) ក៏ត្រូវបានគាំទ្រផងដែរ។

លោក Ali មានប្រសាសន៍ថាការិយាល័យស្ថិតិអូស្រ្តាលី(ABS) នឹងផ្តល់ខិត្តប័ណ្ណ មគ្គុទ្ទេសក៍ណែនាំជាសំឡេងអូឌីយ៉ូ ធនធានផ្សេងៗជាវីដេអូជាច្រើនភាសា។

 “អ្នកថែមទាំងអាចចូលទៅកាន់មជ្ឈមណ្ឌលជំរឿនដែលបង្កើតឡើងភ្លាមៗជាបណ្តោះអាសន្ន Census pop-upជាផ្លូវការ សម្រាប់ជាជំនួយដោយផ្ទាល់តទល់មុខគ្នា ហើយក៏មានជំនួយគាំទ្រតាមទូរស័ព្ទ តាមរយៈ មជ្ឈមណ្ឌលទំនាក់ទំនងជំរឿន-Census Contact Centre ផងដែរ។ ហើយប្រសិនបើអ្នកត្រូវការអ្នកបកប្រែ អ្នកអាចប្រើសេវាកម្មជាតិ TIS”។

ដូច្នេះ សូមចងចាំថា យប់ធ្វើជំរឿនគឺនៅថ្ងៃទី 11 ខែសីហា។ ប្រសិនបើអ្នកនៅក្នុងប្រទេសអូស្ត្រាលីនៅយប់នោះ ត្រូវប្រាកដថាអ្នកត្រូវបានគេរាប់បញ្ចូល។

វាត្រូវការពេលខ្លីប៉ុណ្ណោះដើម្បីបំពេញ ប៉ុន្តែព័ត៌មានទាំងនេះអាចជួយបង្កើតសេវាកម្ម និងការគាំទ្រ សម្រាប់សហគមន៍របស់អ្នក សម្រាប់ឆ្នាំខាងមុខ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំរឿន សូមចូលទៅកាន់៖ Census website. សម្រាប់​ព័ត៌មាន​ជាភាសា​ដទៃ​ក្រៅ​ពីភាសាអង់គ្លេស ឬជំនួយគាំទ្រ សូមចូលទៅកាន់៖ Language support page

ខ្លឹមសារនេះត្រូវបានផលិតឡើងក្នុងភាពជាដៃគូជាមួយការិយាល័យស្ថិតិអូស្ត្រាលី។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now