សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សន្និបាតនេះ ដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោកហេងសំរិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង ១ពាន់នាក់។
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ រួមមាន៖ ១-ការពិភាក្សាស៊ីជំរៅ លើការឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩។ ២-បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក សមាជិកា និងជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល និងទី៣-ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលមួយចំនួន។





