មន្ត្រីជំនាញ បញ្ជាក់ពីការផាកពិន័យអ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាតសុវត្ថិភាព

Ambulance picks up Covid-19 positive cases in Cambodia

Source: Meng Phalla

ចាប់តាំងពីសប្តាហ៍មុន ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសកំណត់ច្បាស់ហើយលើបុគ្គល និងទីតាំង ដែលនឹងត្រូវពាក់ម៉ាស់។ ក្នុងនោះ នៅទីសាធារណៈ មានមនុស្សច្រើន ឬកន្លែងជួបជុំ ចាប់ពីពីរនាក់ឡើងទៅ តម្រូវឱ្យបុគ្គលគ្រប់រូប ត្រូវតែពាក់ម៉ាស់។ បើមិនពាក់ម៉ាស់ ឬក៏មិនរក្សាគម្លាតសុវត្ថិភាព នឹងត្រូវផាកពិន័យពី ២០ម៉ឺនរៀល ទៅ ១លានរៀល។


សេចក្តីប្រកាស កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កំណត់ថា បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស រួមមាន៖បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត។ បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះ ធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ។អ្នកបើកបរយានជំនិះ​គ្រប់ប្រភេទ ដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូន សម្រាប់បម្រើឱ្យសាធារណជន។អ្នកដំណើរ តាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយ​ដឹកជញ្ជូន សម្រាប់បម្រើឱ្យសាធារណជន។អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬ​ទីតាំងអាជីវកម្មនានា​ មន្ត្រី និងបុគ្គលិកសុខាភិបាល​ អ្នកផ្តល់សេវាព្យាបាលដោយចលនា​ បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន​ បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ​ បុគ្គលិក ដែលផ្តល់សេវាម៉ាស្សា កោសជប់ និងបុគ្គលផ្សេងទៀត ដែលផ្តល់សេវាផ្ទាល់ជាមួយ​អតិថិជន។ បុគ្គលផ្សេងទៀត ដែលកំពុងស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែង ដែលមានការជួបជុំមនុស្ស ចាប់ពី ២ (ពីរ) នាក់ឡើងទៅ។

​ចំណែក​កន្លែង ដែលតម្រូវឱ្យ​ពាក់ម៉ាស់​ ត្រូវបានក្រសួងសុខាភិបាល កំណត់ថា រាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម រួមមាន​ជាអាទិ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឱសថស្ថាន ផ្សារទំនើប ហាងលក់ទំនិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថ រោងចក្រ សិប្បកម្ម ឬទីកន្លែងធ្វើការ ឬទីកន្លែងអាជីវកម្មដទៃទៀត ត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅទីកន្លែងរបស់ខ្លួនឱ្យពាក់ម៉ាស ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គល ដែលមិនពាក់ម៉ាស ចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ។ ​

ក្រសួងសុខាភិបាល ក៏បានកំណត់ថា ក្រៅពីទីតាំងភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ក្រសួងក៏បានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប ប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ១៩។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា បុគ្គល ដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្ម ដូចមានចែង ក្នុងអនុក្រឹត្យ ស្តីពី វិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងនោះ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ ឬមិនរក្សាគម្លាតសុវត្ថិភាព​ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានបញ្ជាក់ពីការកំណត់​ឲ្យ​ពាក់ម៉ាស និងរក្សាគម្លាតសុវតិ្ថភាព ក្នុងទីតាំងភូមិសាស្ត្រ ៥រាជធានីខេត្ត ដែលកំពុងឆ្លងរាលដាលជំងឺកូវីដ១៩ ខ្លាំងជាងគេ នៅកម្ពុជា រួមមាន៖ នៅភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងនៅខេត្តសៀមរាប​។

( សំឡេង )

យ៉ាងណាក៏ដោយ រហូតដល់​ថ្ងៃទី៣១ ខែមីនានេះ នៅកម្ពុជា​ មិនទាន់​មានដំណឹង​ស្តីពីការផាកពិន័យ​លើអ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាត តាមអ្វីដែលច្បាប់បានកំណត់ នៅឡើយទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា បាននាំគ្នាពាក់ម៉ាស នៅពេលចេញក្រៅផ្ទះ ព្រមទាំងមានអាល់កុល ឬជែល លាងសម្អាតដៃស្ទើរគ្រប់គ្នា ខណៈដែល​ជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាលខ្លាំង​ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ហើយក៏បានរាលដាល ទៅកាន់ខេត្តថ្មីៗ​ជាច្រើនទៀត ដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប ជាដើម​។

ជំងឺកូវីដ១៩ ក៏បានសម្លាប់មនុស្ស​ ចំនួន ១១នាក់ហើយ នៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ខែមីនា៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now