ម្តាយ និងសាច់ញត្តិរបស់ជនរងគ្រោះ ដែលបានស្លាប់ និងរបួស ក្នុងហេតុការណ៍ផ្អើល ជាន់គ្នា លើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០ ដែលជាយប់បង្ហើយនៃពិធីបុណ្យអុំទូក បានជួបជុំ នៅរោងប្រារព្ធពិធី កាលពីព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១៦ នៅស្តូបរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដើម្បីប្រារព្ធពិធីបុណ្យខួប៦ឆ្នាំ។
លោកស្រី ម៉េត សុគន្ធ ម្តាយជនរងគ្រោះម្នាក់បានបញ្ជាក់ថា "ខ្ញុំនៅតែចង់ដឹងថា មូលហេតុនៃការស្លាប់នោះ មកពីមូលហេតុអ្វី? ដើម្បីឲ្យបានអស់ចិត្ត។ រហូតដល់ពេលនេះ ខ្ញុំមិនទាន់អស់ចិត្តទេ។ តែក៏មិនដឹងទៅសួរនរណា? ក្រុមគ្រួសារជនរងគ្រោះ នៅពេលជួបជុំគ្នា ពេលប្រារព្ធពិធី តែងតែសួរគ្នារកពីមូលហេតុ។ គេប្រាប់ថា មនុស្សច្រើនពេក ថប់ដង្ហើម ខ្សែភ្លើងឆក់។ តែយើងចង់បានមូលហេតុច្បាស់លាស់ ដើម្បីឲ្យអស់ចិត្ត"។
យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃ២២វិច្ឆិកា ឆ្នាំ២០១០ ជាមេរៀនសម្រាប់អាជ្ញាធរសមត្ថកិច្ច ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សម្រាប់ការរៀបចំពិធីបុណ្យនានា ពិសេសព្រះរាជពិធីបុណ្យអុំទូក ដែលទើបតែបញ្ចប់ថ្មីៗនេះនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ហេតុការណ៍ជាប់គាំង ជាន់គ្នាស្លាប់លើស្ពានកោះពេជ្រ នៅតំបន់អភិវឌ្ឍន៍កោះពេជ្រ ជិតសួនច្បារសម្តេចហ៊ុនសែន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបណ្តាលឲ្យមានមនុស្សស្លាប់សរុប ៣៥៣ នាក់ និងរបួសសរុប ៤៩៣ នាក់។ មូលហេតុកាលណោះ ត្រូវបានអាជ្ញាធរប្រកាសថា ដោយសារតែមនុស្សច្រើន ផ្អើលជាន់គ្នា បណ្តាលឲ្យស្លាប់ និងរបួស។ ភ្លាមៗ រាជរដ្ឋាភិបាល បានចាត់ចែង ចេញសំណង ជាលុយដល់ក្រុមគ្រួសារជនរងគ្រោះ ផងដែរ។ ប៉ុន្តែមិនមានអាជ្ញាធរណាម្នាក់ ត្រូវបានចាប់ខ្លួន យកទៅផ្តន្ទាទោសឡើយ៕




