កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ មុនពេលថ្ងៃត្រង់បន្តិច បុគ្គលិកពន្លត់អគ្គីភ័យទទួលបានទូរសព្ទមួយខ្សែ ហើយក៏បានរូតរះទៅកាន់កន្លែងកើតហេតុភ្លាម។
លោក Pauld Carrigg អាជ្ញាធរអគ្គីភ័យផ្ទៃប្រទេសនៃរដ្ឋវិចថូរៀ បានរៀបរាប់ថា
“ក្រុមពន្លត់អគ្គីភ័យនៅតំបន់ Springvale និង Dandenong បានឆ្លើយតបទៅនឹងហេតុការណ៍ភ្លើងឆេះនៅក្នុងធនាគារនេះដោយមានសេចក្តីរាយការណ៍មកថាមានមនុស្សម្នាក់ត្រូវភ្លើងឆេះ។ ពួកគេបានមកដល់កន្លែងកើតហេតុក្នុងរយៈពេល៩០វិនាទីក្រោយពីទទួលបានទូរសព្ទនេះ ហើយបានឃើញថា ទ្វារមុខរបស់ធនាគារត្រូវបានបិទជិត។ ជាក់សែ្តងមានភ្លើងឆេះនៅខាងក្នុងអគារ ដូច្នេះហើយពួកគេបានចូលទៅខាងក្នុងប្រដាប់ដោយឧបករណ៍ដកដង្ហើម និងបំពង់បាញ់ទឹក ហើយសង្គ្រោះបានមនុស្ស២៥នាក់ ដែលខ្លះក៏មានរបួសស្រាលបន្តិចបន្តួច ហើយខ្លះទៀតក៏ត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ។ ហើយបុគ្គលិកសង្គ្រោះបានចាត់ចែងយកអ្នកទាំងនោះចេញតាមទ្វារមុខអគារ ហើយពួកគេធ្វើការសង្គ្រោះដំបូងរហូតដល់ឡានពេទ្យមកដល់”។
ប៉ូលិសត្រួតពិនិត្យលោកស្រី Jacqui Poida និយាយថា វាបង្ហាញចេញមកថាមានការប្រើប្រាស់សារធាតុដែលងាយឆាបឆេះនៅក្នុងហេតុការណ៍នេះ។
មានសាក្សីបានរាយការណ៍ថាពួកគេបានឃើញអ្នកដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយផ្ទាល់ភ្នែករបស់ពួកគេ។
អ្នករបួសដែលរួមមានទាំងជនជាតិខ្មែរផងដែរត្រូវដឹកយកទៅមន្ទីរពេទ្យខុសៗគ្នា ហើយក្នុងនោះមាន៦នាក់រងរបួសជាទម្ងន់។
ជនសង្ស័យមានអាយុ២១ឆ្នាំក៏ស្ថិតនៅក្នុងចំណោមអ្នកដែលមានរបួសធ្ងន់ធ្ងរដែលគេដឹកយកទៅមន្ទីរពេទ្យនោះដែរ។
លោក Andy Roughton ខាងផ្នែករថយន្តពេទ្យសង្គ្រោះបន្ទាន់នៃរដ្ឋវិចថូរៀ និយាយថា វាគឺជាឈុតឆាកដ៏គួរឲ្យតក់ស្លុតនិងវឹកវរមួយ។
សូមបញ្ជាក់ថា ក្រោយពីហេតុការណ៍នេះកើតឡើងប៉ូលិសបានបិទផ្លូវ Springvale Road ម្តុំមុខធនាគារCommonwealth អស់ពេលរាប់ម៉ោងកាលពីម្សិលមិញនេះ។
រហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍ទី១៩កញ្ញា ធនាគារនេះនៅតែបន្តបិទទ្វារដដែល ខណៈដែលហាងទំនិញ និងអាជីវកម្មដទៃទៀតបានបើកដំណើរការជាធម្មតាវិញហើយ៕


