ក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា លោក ហ្សាក់ ពឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានលើកឡើងថា បារាំង ត្រៀមលក្ខណៈ ក្នុងការផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ លោក បានបញ្ជាក់ថា លោកប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាព ក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជា គោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជា និងបារាំង មានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើង នៅក្នុងសំណុំរឿងអ៊ុយក្រែន។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
🎧ស្តាប់ផតខាស្តិ៍ដទៃទៀតជាភាសាខ្មែរ - Click here for more podcast in Khmer៕
Share





