លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបទៅអាមេរិក រឿងទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិ

General Hing Bun Heang, Commander of the Prime Minister Hun Sen's bodyguard unit

General Hing Bun Heang, Commander of the Prime Minister Hun Sen's bodyguard unit Source: Meng Phalla

នាយឧត្តមសេនីយ៍ ផ្កាយមាស៤ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី១៤ ខែមិថុនា បានបញ្ចេញប្រតិកម្ម តបនឹងក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្ម ដោយការបង្កកទ្រព្យសម្បត្តិរបស់លោក។ ប្រតិកម្មនោះ ត្រូវបានធ្វើដោយផ្ទាល់មាត់ផង និងដោយលិខិតផង។


ក្នុងពេលជូនដំណើរ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងយន្តហោះ ទៅចូលរួម​កិច្ចប្រជុំ​នៅទីក្រុងបាង​កក ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រូបលោក មិនមាន​ទ្រព្យសម្បត្តិ ឬក៏លុយ​ទុកនៅអាមេរិកនោះទេ​។ លោកបានជំរុញទៅអាមេរិក​ថា បើ​រក​ឃើញ​ថា ​ទ្រព្យ​សម្បត្តិ​របស់​លោក​មាន​ទុក​នៅ​អាមេរិក​មែននោះ សូម​ឲ្យ​អាមេរិក ​បង្កក​ឲ្យ​បាន​លឿន​បំផុត។

( សំឡេង​លោក ហ៊ីង ប៊ុនហៀង )

ចំណែក​នៅ​ក្នុង​លិខិត ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បាន​បញ្ជាក់​ថា លោក​ចង់​ធ្វើ​ជា​មិត្ត​របស់​​អាមេរិក ប៉ុន្តែ​លោក​បាន​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​វាយបក​លើ​ជន​អាមេរិក​ណា ​ដែល​មិន​គោរព​នូវ​អធិបតេយ្យ​ភាព នៃ​ប្រទេស​ឯករាជ្យ​មួយ ​ដូចជា​​កម្ពុជា។ លោក​​បន្ថែម​ថា ទោះ​បី​ជា​លោក​ចង់​ធ្វើ​ជាមិត្ត​របស់​អាមេរិក តែ​លោក​មិន​មែន​ជា​​ពលរដ្ឋ​អាមេរិក ដែល​ត្រូវ​គោព​តាម​ច្បាប់​របស់​អាមេរិក​នោះទេ។

ដូចប្រាប់អ្នកកាសែត កាលពីថ្ងៃទី១៣មិថុនា លោក​នាយ​ឧត្តម​សេនីយ៍​ផ្កាយមាស​ ៤ បានលើកឡើងក្នុងលិខិត​​ថា ក្នុង​មួយ​ជីវិត​របស់​លោក លោក​មិន​ធ្លាប់​បាន​ជាន់​ទឹក​ដី​អាមេរិក​នោះទេ ហើយ​ក៏​គ្មាន​បំណង​ទៅ​អាមេរិក​នោះដែរ។ ក្នុង​ចំណុច​នេះ លោក​នាយ​ឧត្តម​សេនីយ៍ បាន​បន្ថែម​ថា អាមេរិក ​មិន​ចាំ​បាច់​ដាក់​ទណ្ឌកម្ម​លើ​រូប​លោក​នោះទេ ពីព្រោះ​លោក​មិន​ត្រូវ​ការ​ទៅ​សហរដ្ឋ​អាមេរិក​ឡើយ​។

​​លិខិត​ឆ្លើយតប​នោះ លោកនាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ក្នុង​ការ​ទប់ស្កាត់ និង​ប្រឆាំង​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា ក៏​ដូច​ជា​ប្ដេជ្ញា​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​លោក​នាយករដ្ឋមន្រ្ដី ហ៊ុន សែន និងក្រុមគ្រួសារ​ ក្នុង​នាម​លោក ​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស។

សូម​រំលឹក​ថា ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​ក្រសួង​រតនាគារ​​អាមេរិក បាន​ប្រកាស​ កាលពីថ្ងៃទី១៣មិថុនា ដាក់​លោក​នាយ​​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចូលក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ ដោយ​លើកឡើងថា​ លោក ហ៊ីង ប៊ុនហៀង ដែលជាដៃស្តាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ​បាន​ចូលដៃ​រំលោភ​​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា។

ក៏ប៉ុន្តែ​ជាការ​ឆ្លើយតប ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និង​ក្រសួង​ការពារជាតិ​កម្ពុជា ជាដើម​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ដាច់ដោយឡែកពីក្នា​ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨​ ដោយ​សម្តែង​ការ​សោកស្តាយ ច្រាន​ចោល និង​ថ្កោលទោស ចំពោះ​ក្រសួង​រតនាគារ​អាមេរិក ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​​នោះ។ កម្ពុជា​បាន​ហៅ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ​ថា ជាការ​រំលោភ​ច្បាប់​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ យ៉ាង​អយុត្តិធម៌ ហើយ​គ្មាន​ភស្តុតាង​​អ្វី​​ទាំង​អស់​។

យ៉ាងណាក៏ដោយ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានគាំទ្រ​នូវចំណាត់ការរបស់អាមេរិកនេះ ហើយបានស្នើឲ្យសហរដ្ឋអាមេរិក ចាត់វិធានការ​បន្ថែមទៀតលើរាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន ដែលបានរំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​មិនឲ្យអតីតគណបក្សប្រឆាំងនេះ ចូលរួម​ការបោះឆ្នោត នាខែកក្កដាខាងមុខ​នោះ៕​


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now