រដ្ឋាភិបាលរដ្ឋវិចថូរៀបានប្រកាសថាពន្ធប្រថាប់ត្រា (stamp duty) នឹងត្រូវលើកលែងសម្រាប់អ្នកទិញផ្ទះលើកដំបូងដែលទិញអចលនទ្រព្យតម្លៃក្រោម៦សែនដុល្លារនៅក្នុងរដ្ឋនេះ។
ប្រមុខរដ្ឋវិចថូរៀ លោកDaniel Andrews មានប្រសាសន៍ថា លោកសង្ឃឹមថាវិធានការនេះនឹងជួយដោះស្រាយលទ្ធភាពក្នុងការទិញផ្ទះសម្បែង(Housing Affordability)ដែលជាបញ្ហានយោបាយដ៏ក្តៅគគុកនៅទូទាំងប្រទេស។
ហិរញ្ញិកសហព័ន្ធលោក Scott Morrison និយាយថាការដោះស្រាយបញ្ហាថ្លៃផ្ទះសម្បែងនឹងជាគោលដៅមួយដែលរដ្ឋាភិបាលផ្តោតជាសំខាន់នៅក្នុងកញ្ចប់ថវិកាខែឧសភាខាងមុខនេះ ប៉ុន្តែនៅមានភាពមិនចុះសម្រុងគ្នានៅឡើយស្តីពីថាតើគួរដោះស្រាយបញ្ហានេះតាមវិធីណា។






