ប៉ូលិសរដ្ឋវិចថូរៀ បានអះអាងថា ខ្លួនបានបញ្ជាក់ពីអត្តសញ្ញាណអនីតិជនមួយចំនួនសម្រាប់ការនិរទេសចេញចំពោះបទចោទប្រកាន់ថាពួកគេមានពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ។រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួនកំពុងតែពិចារណាផ្លាស់ប្តូរច្បាប់នេះ ដូច្នេះវាអាចឲ្យមានការនិរទេសយុវវ័យបាន។
ក្រុមក្មេងកាងនៅក្នុងក្រុងម៉ែលប៊ិន ដែលមានឈ្មោះថា Apex បានក្លាយទៅជាចំណុចចាប់អារម្មណ៍ទូទាំងប្រទេសបន្ទាប់ពីក្រុមនេះត្រូវបានគេបន្ទោសថាបានរំខានដល់សាធារណយ៉ាងខ្លាំង និងបានបង្កសកម្មភាពលួចប្លន់ហិង្សាមួយចំនួនក្នុងក្រុងម៉ែលប៊ិន។
ប៉ូលិសរដ្ឋវិចថូរៀនិយាយថា ភាគច្រើននៃសមាជិកដើមរបស់ក្រុមក្មេងកាងនេះគឺជាជនជាតិអាហ្វ្រិក ប៉ុន្តែឥឡូវនេះរួមមានទាំងសមាជិកដែលកើតនៅក្នុងប្រទេសអូស្រ្តាលីនិងមានជាតិព័ន្ធផ្សេងៗទៀតផងដែរ។
ប៉ូលិសនិយាយថា សមាជិកក្រុមក្មេងកាងនេះឥឡូវមានដល់១៥០នាក់ហើយ។
រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍លោក Peter Dutton និយាយថា យុវវ័យ៤នាក់នៅក្នុងក្រុមនេះត្រូវបាននិរទេសចេញពីប្រទេសអូស្រ្តាលីរួចទៅហើយ។
ឥឡូវនេះប៉ូលិសរដ្ឋវិចថូរៀកំពុងតែសម្លឹងមើលលើសមាជិកក្មេងៗទៀត។





