ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅទូទាំងប្រទេស រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ ការប្រឡងបាក់ឌុប នៅឆ្នាំនេះ នឹងមិនមានការចូលរួមសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ ដូច ៥ឆ្នាំកន្លងមកទេ។
តែយ៉ាងណាក៏ដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងបាក់ឌុប នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ខាងមុខនេះ ក្រសួងអប់រំ នៅតែបន្តរឹតបន្តឹងវិន័យ ដោយមិនអនុញ្ញាតឲ្យបេក្ខជន លួចមើលព្រីយ៉ុង លួចចម្លង ឬក៏យកឧបករណ៍គ្រឿងអេឡិចត្រូនិច ចូលបន្ទប់ប្រឡងឡើយ។ ពោលគឺ ពាក្យថា “អ្នកចេះ គឺជាប់” នៅតែបន្តអនុវត្តដដែល។
( សំឡេងលោក ហង់ជួន ណារ៉ុន )
សូមរម្លឹកថា ចាប់តាំងពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៣ ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា លោក ហង់ជួន ណារ៉ុន បានរឹតបន្តឹងការប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនអនុញ្ញាតឲ្យបេក្ខជនសូកលុយគ្រូអនុរក្ស មិនឲ្យបេក្ខជនយកប៊្រីយ៉ុង ចូលបន្ទប់ប្រឡង ឬលួចចម្លងនោះទេ។ កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ ត្រូវបានអបអរសាទរជាទូទៅ។ ក្នុងនោះ សិស្សប្រឡងជាប់និទ្ទេស A ក៏បានកើនឡើង និងបានទទួលរង្វាន់លើទឹកចិត្តពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបានអាហារូបករណ៍ រៀនដោយឥតគិតថ្លៃថែមទៀត។
ជាការកត់សម្គាល់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និង កីឡា បានអំពាវនាវឱ្យសិស្សានុសិស្ស ថ្នាក់ទី១២ ទាំងអស់ ទៅពិនិត្យបញ្ជីបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមសាលារៀងៗខ្លួន ។
នោះគឺបន្ទាប់ពីការប្រឡងឆមាស លើកទី២ ត្រូវបានបញ្ចប់ នៅវិទ្យាល័យនីមួយៗទូទាំងប្រទេសកម្ពុជា បានបិទផ្សាយបញ្ជីបេក្ខភាព និងបញ្ជីលុបបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ខាងមុខ ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប នៅឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងវិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល មាន ៤៨០៩បន្ទប់។ រីឯបេក្ខជនប្រឡងសរុប ចំនួន ១១៩២១៧នាក់ ស្រី៦១០៣១នាក់៕





