កាលពីយប់ថ្ងៃសុក្រទី៧តុលា នៅវេលាម៉ោងប្រមាណជា៦ល្ងាចតទៅប្រជាពលរដ្ឋខ្មែររាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សានៅមុខភោជនីយដ្ឋានអាណាបែលឡានៅក្នុងតំបន់ក្លេយថុនដើម្បីប្រឆាំងនឹងការមកដល់របស់លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏មានពលរដ្ឋខ្មែរអូស្រា្តលីប្រមាណជា៥ទៅ៦រយនាក់ដូចគ្នាបានចូលរួមគាំទ្រ ក៏ដូចជាអបអរសាទរក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៅខាងក្នុងភោជនីយដ្ឋានដែលរៀបចំឡើងដោយលោកហ៊ុនម៉ាណែតក្នុងគោលបំណងស្វាគមន៍សមាជិកភាពបក្សប្រជាជនកម្ពុជា។
ការធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងពិធីជប់លៀងរបស់លោក ហ៊ុន ម៉ាណែតនេះដឹកនាំឡើង ដោយលោក ហុង លីម សមាជិកសភាខ្មែរនៅតំបន់ក្លារីដា ប្រទេសអូស្រ្តាលីដែលត្រូវរដ្ឋាភិបាលកម្ពុជាហាមមិនឲ្យចូលក្នុងប្រទេសកម្ពុជាដោយសារតែទិតៀនរដ្ឋាភិបាលខ្មែរថាជារបបតិរច្ឆាននិងលោកជា យូហន ប្រធានសហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្មប្រចាំនៅទីក្រុងម៉ែលប៊ិន ។
មូលហេតុចំបងនៃការធ្វើបាតុកម្មនេះឡើង គឺសំអាងលើការមិនពេញចិត្តដែលលោក ហ៊ុន ម៉ាណែតនិងបក្សពួករៀបចំពីធីជប់លៀងនៅចំចន្លោះពេលដែលពលរដ្ឋខ្មែរអូស្រ្តាលីមួយចំនួនកំពុងតែកាន់ទុក្ខចំពោះការស្លាប់របស់លោកបណ្ឌិត កែមឡី ហើយត្រៀមនឹងធ្វើបុណ្យខួប១០០ថ្ងៃជូនលោកនៅថ្ងៃអាទិត្យទី៩តុលាឆ្នាំ២០១៦នេះ។
កញ្ញាឈាង ម៉ារីដាដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងបាតុកម្មបានរាយការណ៍យ៉ាងដូច្នេះថា៖
(សំឡេងរបស់កញ្ញា ឈាង ម៉ារីដា)
ចាសលោក លោកស្រី អ្នកនាងកញ្ញា វិទ្យុSBS ខ្មែរបានព្យាយាមចូលទៅសាកសួរមតិយោបល់ពីភ្ញៀវមួយចំនួនដែលចូលរួមនៅក្នុងកម្មវិធីជប់លៀងរបស់លោកហ៊ុន មាណែត ជាពិសេសមនុស្សមួយក្រុមដែលមានគ្នាប្រមាណជិត១០នាក់ដែលមានស្លៀកពាក់ឯកសណ្ឋានគណបក្សប្រជាជនកម្ពុជាផងនោះ ប៉ុន្តែមិនទទួលបាននូវការឆ្លើយតប។
ជាបន្តទៅទៀតនេះ សូមស្តាប់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដែលចូលរួមបាតុកម្មនៅខាងមុខភោជនីយដ្ឋានក្នុងយប់ថ្ងៃសុក្រនោះដូចតទៅ៖
(សំឡេងអ្នកចូលរួមបាតុកម្ម) ៕




