នៅក្នុងរដ្ឋវិចថូរៀ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺឃើញមានការចេញសម្តែងរបាំប្រពៃណីជាតិខ្មែរយើង ដូចជារបាំជូនពរ របាំនារីលោកិយ៍និងរបាំមួយចំនួនទៀត ដែលចូលរួមសម្តែងដោយប្អូនៗកុមារីខ្មែរតូចៗដែលកើតឬធំធាត់នៅលើទឹកដីប្រទេសអូស្រ្តាលី។
ការសម្តែងចុងក្រោយគេបង្អស់គឺនៅក្នុងឱកាសពិព័ណ៌ខួបទី៤០ឆ្នាំនៃការមកតាំងទីរបស់ខ្មែរក្នុងរដ្ឋវិចថូរៀនៅសារមន្ទីរអន្តោប្រវេសន៍ក្រុងម៉ែលប៊ិន។
កញ្ញា ឈាង ម៉ារីដា បានជួបសម្ភាសន៍ជាមួយនឹងអ្នកគ្រូ ចាន់ ធារី ដែលជាគ្រូបង្រៀនរបាំនៅសមាគមន៍ខ្មែរនៅរដ្ឋវិចថូរៀ និងជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់ដល់ប្អូនៗកុមារតូចៗឲ្យចេះរាំរបាំប្រពៃណីជាតិខ្មែរយើង។ អ្នកគ្រូនិយាយថាបានឆ្លងកាត់នូវរឿងលំបាកជាច្រើនក្នុងការបង្ហាត់ដោយសារតែពេលវេលាមានតិចតួចពេក ប៉ុន្តែអ្នកគ្រូក៏បានបង្ហាញនូវទឹកចិត្តរំភើបរីករាយចំពោះផ្លែផ្កាដែលទទួលបានផងដែរ។




