លោកគឹមសុខ កាលពីព្រឹកថ្ងៃទី១៦កុម្ភៈ បានដាក់លិខិតស្នើសុំតុលាការពន្យារពេលក្នុងការចូលបំភ្លឺតុលាការ នាព្រឹកថ្ងៃទី១៧កុម្ភៈ ដោយអះអាងថា លោករកមេធាវីមិនបាន។
ក៏ប៉ុន្តែព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចារលើលិខិតស្នើសុំរបស់លោក គឹមសុខ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាម៉ីខ្លួនត្រូវតែចូលមកកាន់អយ្យការតាមការកំណត់»។
លោក គឹម សុខ បញ្ជាក់ថា ការមិនចូលទៅតុលាការ នៅព្រឹកថ្ងៃទី១៧កុម្ភៈ មិនមានន័យថា លោកមិនចូលទៅដោះស្រាយនៅតុលាការនោះទេ។ លោកបន្តថា វាជារឿងអយុត្តិធម៌សម្រាប់រូបលោក ដែលតុលាការមិនព្រមពន្យារពេលសមស្រប ខណៈលោកមិនទាន់មានមេធាវី ដើម្បីការពារក្តី។
( សំឡេង លោក គឹម សុខ )
សូមបញ្ជាក់ថា ក្នុងបណ្តឹងដាក់ចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកមេធាវី គី តិច បានលើកឡើងថា ក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គឹម សុខ ដែលជាវាគ្មិន បាននិយាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ ការលើកឡើងនេះ លោកមេធាវី គី តិច អះអាងថា ជាការចោទប្រកាន់មួលបង្កាច់ ទម្លាក់កំហុសដោយចេតនា។ លោកមេធាវី បានទាមទារឲ្យតុលាការផ្តន្ទាទោសលោក គឹម សុខ តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ២០០០ លានរៀល ស្មើប្រមាណ ៥០ម៉ឺនដុល្លារ៕




