មេធាវី៖ លោក កឹម សុខា មាន​ជំងឺ​លើស​ឈាម និង​ទឹក​នោម​ផ្អែម ដែល​ត្រូវ​លេប​ថ្នាំ​រាល់​ថ្ងៃ

Kem Sokha escorted by police

លោកកឺមសុខា ត្រូវបានតុលាការបដិសេធបណ្តឹងសុំនៅក្រៅឃុំ។ Source: Cambodia Police Department

មេធាវីការពារក្តីបានឲ្យដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹមសុខា កំពុងមានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលលោកត្រូវលេបថ្នាំ ជាប្រចាំរាល់ថ្ងៃ។ ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺប្រចាំកាយនេះ ត្រូវប្រពន្ធរបស់លោក យកទៅឲ្យរាល់អាទិត្យ នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែន។


ស្ថានភាពជំងឺរបស់លោកកឹមសុខា ត្រូវបានមេធាវី​របស់លោក​ លើកមកសំអាង ដើម្បី​ស្នើសុំ​ចៅក្រម​តុលាការសាលាឧទ្ធរណ៍ សុំឲ្យលោកកឹមសុខា នៅក្រៅពន្ធនាគារ​។ ក៏ប៉ុន្តែ​ត្រូវបានចៅក្រម​បដិសេធ​ ហើយបានសម្រេចបន្តឃុំខ្លួន​លោកកឹមសុខា នៅពន្ធនាគារ​បន្តទៀត។

លោក កឹមសុខា ស្ថិតក្នុងឯកសណ្ឋានមិនមែនជាអ្នកទោស គឺស្លៀកពាក់ស៊ីវិលធម្មតា ដោយ​​ពាក់អាវសាច់ក្រណាត់ ពណ៌ផ្ទៃមេឃ ដៃវែង មិនតឺនុយ និងខោជើងវែង ពណ៌ខ្មៅ ពាក់ស្បែកជើងផ្ទាត់​ ហើយដៃមិនជាប់​ខ្នោះនោះទេ។ លោកត្រូវបានប៉ូលិសនាំពីពន្ធនាគារត្រពាំងផ្លុង មកដល់​តុលាការសាលាឧទ្ធរណ៍ នៅរាជធានី​ភ្នំ​ពេញ តាំង​ពី ៥ ទៀប​ភ្លឺ ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​សវនាការ​​លើបណ្តឹងសុំនៅក្រៅឃុំ​។ លោកកឹមសុខា រាងស្គមជាងមុន បាន​អង្គុយក្នុងបន្ទប់​រង់ចាំ នៅតុលាការ​សាលា​ឧទ្ធរណ៍ ក្នុងសភាព​​បាក់​ទឹក​ចិត្ត​​យ៉ាង​ខ្លាំង​ និងអាការៈដូចមនុស្សមិនសូវមានកំលាំងកំហែងនោះ​ឡើយ។

លោកស្រី ម៉េង សុភារី សហ​មេធាវីការពារក្តីរបស់លោកកឹមសុខា​ បាន​ប្រាប់​​អ្នកកាសែត​ ក្រោយតុលាការឧទ្ធរណ៍សម្រេចបន្តឃុំខ្លួន​លោកកឹមសុខា​ យ៉ាងដូច្នេះថា៖​លោក កឹម សុខា ​គាបសរសៃឈាម នៅស្មាខាងឆ្វេងវាប៉ះពាល់ ធ្វើឲ្យលោកសម្រាន្ត​មិនបានលក់​គ្រប់គ្រាន់ ហើយពេលគាត់សម្រាន្តមិនបាន ធ្វើ​ឲ្យគាត់ឡើងជាតិស្ករ ធ្វើឲ្យគាត់ឡើងឈាមជាដើមអីចឹង។ អីចឹងវាប៉ះពាល់ទៅដល់រាងកាយផ្សេងៗទៀត ហើយបង្កើត​ឲ្យទៅជាបញ្ហាផ្សេងៗទៀត។ បញ្ហាដែលគាបសរសៃឈាមនេះ គឺក្រុមគ្រូពេទ្យនៅសឹង្ហបុរី បានឲ្យ​គាត់​​ទៅធ្វើការវះកាត់​មុនពេលគាត់ជាប់ពន្ធនាគារ។ តែដោយសារគាត់​រវល់ ហើយពេលនេះ គាត់ជាប់ពន្ធនាគារ​ ជំងឺនឹងកាន់តែធ្វើទុក្ខគាត់​ រហូតដល់ហើមស្មាខាងឆ្វេង។ អីចឹងគាត់សុំ​ចេញទៅព្យាបាលជំងឺ​នឹង។​

​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹ​​​ង​ថា លោក​កឹ​ម​សុខា ក៏មានជំងឺទឹកនោម​ផ្អែម​ ដែលភរិយារបស់លោក បានយកថ្នាំទៅឲ្យលោកកឹមសុខា ជាប្រចាំផងដែរ​ នៅពន្ធនាគារត្រពាំង​ផ្លុង​ ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម​។ ជំងឺរបស់លោកកឹមសុខានេះ គឺជាជំងឺ ដែលមើលមិនជា ហើយក៏​ប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេល។

​លោក កឹម សុខា មានអាយុ ៦៤ ឆ្នាំ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់រំលងអាធ្រាត្រ នៅផ្ទះរបស់លោក នាថ្ងៃទី២ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយ បង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

​លោក​ ​កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង កាល​ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ​ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ឬបទ​«ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង​ការជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now