Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុសំបុកឃ្មុំ ប្រកាស​លាលែង​ពី​ឆាក​នយោបាយ

Mam Sonando former politician and director of Beehive Radio

Mam Sonando former politician and director of Beehive Radio Source: Meng Phalla

លោក ម៉ម សូណង់ដូ បានប្រកាសលាលែងពីឆាកនយោបាយនិងជាប្រធានវិទ្យុសំបុកឃ្មុំ តាមរយៈលិខិតមួយដែលបានធ្វើឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខណៈដែលលោក កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ មូលហេតុនៃការលាលែងនេះ ត្រូវបានលោកម៉មសូណង់ដូ បញ្ជាក់ថា គឺដើម្បីផ្ទេរវេនជូនដល់អ្នកនយោបាយវ័យក្មេងបន្តកាតព្វកិច្ចសេ្នហាជាតិនេះតទៅទៀត។


Published

By Meng Phalla

Source: SBS



Share this with family and friends


លោក ម៉ម សូណង់ដូ បានប្រកាសលាលែងពីឆាកនយោបាយនិងជាប្រធានវិទ្យុសំបុកឃ្មុំ តាមរយៈលិខិតមួយដែលបានធ្វើឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខណៈដែលលោក កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ មូលហេតុនៃការលាលែងនេះ ត្រូវបានលោកម៉មសូណង់ដូ បញ្ជាក់ថា គឺដើម្បីផ្ទេរវេនជូនដល់អ្នកនយោបាយវ័យក្មេងបន្តកាតព្វកិច្ចសេ្នហាជាតិនេះតទៅទៀត។


ក្នុង​លិខិត លោក​ម៉ម​សូណង់ដូ បាន​បូកសរុប​លទ្ធផល ដែល​លោក​បាន​បម្រើ​សង្គមជាតិ​ខ្មែរ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតមកដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ គឺ​រយៈពេល ២២ ឆ្នាំ ដែល​លោក​ម៉ម​សូណង់ដូ មាន​មោទនភាព​ក្នុង​ជីវិត​របស់លោក ក្នុងនាម​ជា​កូន​ខ្មែរ​។​ លោក បាន​លើកយក​សកម្មភាព ៣ ចំណុច​ ក្នុង​រយៈពេល ២២​ឆ្នាំនេះ រួមមាន​៖ ១-​សកម្មភាព​សប្បុរសធម៌ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ២-​សកម្មភាព​នយោបាយ​ ៣-​សកម្មភាព​បង្កើន​ការចេះដឹង​របស់​ប្រជាពលរដ្ឋ​។

​លោក ម៉ម សូណង់ដូ បានប្រកាសថា តួនាទី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក​សូម​ផ្ទេរតំណែង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​នេះ ជូនទៅ​លោកស្រី ឌិន ផា​ណា​រ៉ា ដែលជា​ប្រធានស្តីទី​។

​យ៉ាងណាក៏ដោយ លោក ម៉ម​សូណង់ដូ បានប្រកាស​រក្សា​សកម្មភាព​តែមួយគត់ គឺ​សកម្មភាព​សប្បុរសធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ​។​

​ជាការ​កត់សម្គាល់ លិខិត​ប្រកាស​លាលែង​របស់លោក​ម៉ម​សូណង់ដូ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ជា​លើក​ទី​៣ ឲ្យ​លោក​ម៉ម​សូណង់ដូ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ក្នុងនាម​ជា​សាក្សី នៅក្នុង​សំណុំរឿង​របស់លោក​កឹម​សុខា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។​

​ក៏ប៉ុន្តែ​លោក​ម៉ម​សូណង់ដូ ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជាមួយ​លោក​កឹម​សុខា នៅ​ព្រៃ​ស កាលពី​អំឡុង​ចុងឆ្នាំ​២០០៥ និង​ដើមឆ្នាំ​២០០៦ បានប្រកាស​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ឡើយ​។

​កើត​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៤២ លោក​ម៉ម​សូណង់ដូ បាន​ចាក​ចេញពី​កម្ពុជា ទៅ​រស់នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៦៤ ដើម្បី​រៀន​ផ្នែក​ថតរូប និង​ថត​ខ្សែភាពយន្ត​។ នៅ​ឆ្នាំ​១៩៩៤ លោក​ម៉ម​សូណង់ដូ បាន​ត្រឡប់មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​។ នៅ​ឆ្នាំ​១៩៩៥-១៩៩៦ លោក​ម៉ម​សូណង់ដូ បាន​បង្កើត​វិទ្យុ​សំបុក​ឃ្មុំ​។ នៅ​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០១ លោក​ម៉ម​សូណង់ដូ ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ក្នុង​ឆ្នាំ​២០១០ លោក​ម៉ម​សូណង់ដូ បាន​បង្កើតជា​សមាគម​មួយ ឈ្មោះថា សមាគម​អ្នកប្រជាធិបតេយ្យ​។​

​នៅ​ឆ្នាំ​២០១៥ លោក​ម៉ម​សូណង់ដូ បាន​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ លោក​ម៉ម​សូណង់ដូ បាន​លាលែង​ពី​ប្រធាន​គណបក្ស ដោយសារតែ​គណបក្ស​លោក ទទួលបាន​អាសនៈ​នៅ​ឃុំ​សង្កាត់​តែ ១​អាសនៈ​ប៉ុណ្ណោះ​។​

​លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋាភិបាល​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ចំនួន ៣ លើក​។ លើក​ទី​១ ជាប់ពន្ធនាគារ ចំនួន ១១ ថ្ងៃ ចាប់ពី​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០០៣ ដល់​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០០៣ ពីបទ​ចោទប្រកាន់​ញ៉ុះ​ញ៉ុ​ង ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ស្ថានទូត​សៀម​។ លើក​ទី​២-​លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ចំនួន ៩៩ ថ្ងៃ ចាប់ពី​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០០៥ រហូតដល់​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦ ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម ឆ្នាំ​២០០៥​។ លើក​ទី​៣-​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ ត្រូវ​ចាប់ឃុំខ្លួន ដោយសារតែ​រដ្ឋាភិបាល​ប្ដឹង​ពីបទ​អប្បគមន៍ និង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ទាក់ទង​ករណី​ជម្លោះដីធ្លី នៅ​ភូមិ​ប្រមារ ខេត្តកំពង់ធំ​។ លោក​ម៉ម​សូណង់ដូ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ចំនួន ២០ ឆ្នាំ​។  នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣ លោក​ម៉ម​សូណង់ដូ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​៕​


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now