ក្រុមអ្នកកាសែតក្នុងស្រុកប្រមាណ ២០០០នាក់ ត្រូវបានអញ្ជើញឲ្យជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។ ពិធីជួបជុំលើកដំបូងនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ស្ថិតនៅជ្រោយចង្វារទល់មុខព្រះបរមរាជវាំង។
ការជ្រើសរើសយកថ្ងៃទី១៤មករា ជាជំនួបដំបូងជាប្រវត្តិសាស្ត្ររវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកកាសែត ត្រូវបានលោកខៀវកាញារីទ្ធ ដែលជាអ្នកផ្តួចផ្តើមឲ្យមានជំនួបនេះ ពន្យល់ថា ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ជាខួបគម្រប់ ៣២ឆ្នាំ ដែលលោក ហ៊ុនសែន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី បន្តពីលោក ចាន់ ស៊ី ដែលបានទទួលមរណភាព។
តាមកម្មវិធីដែលបានគ្រោងទុក ពិធីជួបជុំជាប្រវត្តិសាស្ត្ររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមអ្នកកាសែតនៅសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ នឹងមានការទទួលទានអាហារ និងរាំច្រៀងកំសាន្ត។
ជំនួបដូច្នេះ នឹងធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាល រវាងនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន។
មុននឹងមានជំនួបជាប្រវត្តិសាស្ត្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការរៀបចំជំនួបរវាងលោក និងក្រុមអ្នកសារព័ត៌មាននាពេលនេះ គឺមិនមែននាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលទិញទឹកចិត្តអ្នកសារព័ត៌មាននោះទេ៕





