លោកព្រហ្ម វណ្ណៈអាណន្ត គឺជាវិចិត្រករ និងជាអ្នកនិពន្ធមួយរូប ដែលធ្វើការតែងនិពន្ធពីប្រវត្តិផ្ទាល់ខ្លួនរបស់លោក ដែលធ្លាប់ចាញ់បោកគេ ក្លាយទៅជាទាសករទូកនេសាទនៅប្រទេសថៃ។ បន្ទាប់ពីរត់គេចពីសមុទ្រមរណៈ លោកបានរសាត់អណ្តែតដល់ប្រទេសម៉ាឡេស៊ី ហើយត្រូវធ្វើជាកម្មករនៅក្នុងចំការដូងប្រេងដោយមិនទទួលបាននូវប្រាក់កម្រៃអ្វីក្រៅពីអាហារនិងកន្លែងស្នាក់នៅនោះទេ។
លោក ព្រហ្ម វណ្ណៈអាណន្ត នឹងធ្វើដំណើរមក ប្រទេសអូស្រ្តាលីនៅសប្តាហ៍ក្រោយក្រោមការរៀបចំរបស់សម្ព័ន្ធសង្ឃកាតូលិកនៅស៊ីដនី Sydney Catholic Archdiocese រួមជាមួយនឹងGMB Films។
លោកនឹងមានវត្តមាននៅទីក្រុងស៊ីដនី ដើម្បី ធ្វើបទបង្ហាញពាក់ព័ន្ធនឹងបទពិសោធន៍ដែលលោកបានជួបប្រទះដោយផ្ទាល់នៅថ្ងៃទី៣០កក្កដា គឺចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់អង្គការសហប្រជាជាតិ និងបន្តដំណើរទៅធ្វើជាវាគ្មិននៅទិវាពិភពលោកប្រឆាំងនឹងការជួញដូរមនុស្សរបស់ក្រសួងការបរទេសនិងពាណិឌ្ជកម្មអូស្រ្តាលីនៅទីក្រុងខេនបេរ៉ា ដ៏ដូចជាការដាក់តាំងបង្ហាញនូវស្នាដៃនិពន្ធរបស់លោក គឺសៀវភៅ Dead Eye និង Deep Blue Sea នៅអាដឺឡែត និងនៅ Melbourne International Film Festival នៅថ្ងៃសៅរ៍ទី១០សីហាទៀតផង៕





