កាលពីថ្ងៃទី៧កុម្ភៈមានការផ្សព្វផ្សាយនូវលិខិតកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៨ ព្រឹក ដើម្បីបើកសវនាការជំនុំជម្រះលើសំណុំរឿងឃាតកម្ម បាញ់សម្លាប់លោកកែមឡី។
លោក កែម ឡី ត្រូវបានឃាតក បាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ក្នុងការ៉ាស់សាំង កាល់តិច បូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះអញ្ជើញដើមបណ្តឹង ដែលជាជនរងគ្រោះ គឺលោកស្រី ប៊ូ រចនា ភរិយាលោកកែមឡី ឲ្យចូលរួមសវនាការ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ សំណុំរឿងក្តីនេះ មានជនជាប់ចោទម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទប្រើប្រាស់អាវុធខុសច្បាប់៕





