លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រកាសអំពាវនាវជាថ្មីទៀត ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យមកស្ម័គ្រចិត្តបរិច្ចាគឈាម សម្រាប់សង្គ្រោះដល់អ្នកជំងឺ។
តម្រូវការឈាម កើនឡើង ២០% រៀងរាល់ឆ្នាំ ពោលគឺកាលពីឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្គត់ផ្គង់ឈាម ជាង ៧ម៉ឺនប្លោក ដូច្នេះនៅឆ្នាំ២០១៨ តម្រូវការឈាម នឹងកើនដល់ ៨ម៉ឺន ៥០០០ ប្លោក។
សូមរម្លឹកថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បើកទ្វារ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទទួលអ្នកស្ម័គ្រចិត្តផ្តល់ឈាម។ ក្នុងព្រឹត្តិការណ៍ផ្តល់ឈាម នៅថ្ងៃទិវាក្តីស្រឡាញ់ ១៤កុម្ភៈ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់ឈាម ជាង ៧០០ ប្លោក ក្នុងរយៈពេល ១ថ្ងៃនេះ។ ក៏ប៉ុន្តែ នៅថ្ងៃធម្មតា គឺចំនួនអ្នកមកបរិច្ចាគឈាម មានចំនួនតិចតួច ដែលស្ទើរតែបំពេញតម្រូវការឈាម សម្រាប់ផ្គត់ផ្គង់ដល់អ្នកជំងឺ មិនគ្រប់នោះទេ៕





