គ.ជ.ប ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត

NEC- monks- ballot numbers in Cambodia

សម្តេចព្រះសង្ឃរាជទាំង២គណៈ ចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយទាំង២០។ Source: Facebook

កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប បានធ្វើការចាប់ឆ្នោត កំណត់លេខរៀងគណបក្សនយោបាយទាំង២០ សម្រាប់បោះពុម្ពលើសន្លឹកឆ្នោត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។


ជាលទ្ធផល គណបក្ស​ប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេស ត្រូវបានសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ​ចាប់ឆ្នោត បាន​​ឈរនៅលំដាប់លេខរៀងទី២០ ចុងក្រោយគេបង្អស់។ រីឯគណបក្ស​ខ្មែររួបរួមជាតិរបស់លោកញឹកប៊ុនឆៃ បានលេខរៀងទី១ និងគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់អតីត​មេដឹកនាំអង្គការសង្គមស៊ីវិល ទទួលបានលេខរៀងទី៧ នៅលើសន្លឹកឆ្នោត​។

ពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្ស​នយោបាយទាំង ២០នេះ ត្រូវបានធ្វើឡើងដោយសម្តេចព្រះសង្ឃរាជទាំង ២គណៈ នៅចំពោះមុខប្រធាន និងសមាជិក គជប តំណាងគណបក្ស​នយោបាយទាំងអស់ ស្ថាប័ន្ថពាក់ព័ន្ធ ស្ថានទូតចិន ស្ថានទូតថៃ អ្នកជំនាញការជប៉ុន JICA អ្នកជំនាញការកូរ៉េ KOICA មន្ត្រីអគ្គលេខាធិការដ្ឋាន គជប អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនរូប​។

ចំពោះការចាប់ឆ្នោតកំណត់លេខរៀង​គណបក្ស​នយោបាយនេះ ត្រូវបាន​លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានលើកឡើងថា លទ្ធផលនៃការចាប់ឆ្នោតកំណត់​លំដាប់លេខរៀងគណបក្ស​នយោបាយនៅលើសន្លឹកឆ្នោត មានអត្ថន័យ​សំខាន់ណាស់ សម្រាប់​គណបក្ស​នយោបាយទាំងអស់ ដែលឈរឈ្មោះបោះឆ្នោត​។ ការកំណត់លេខរៀង​គណបក្ស​នយោបាយនីមួយៗ នៅលើសន្លឹកឆ្នោត នឹង​ជួយបង្ក​លក្ខណៈងាយស្រួលដល់គណបក្ស​នយោបាយពាក់ព័ន្ធ​ក្នុងការឃោសនាបោះឆ្នោត និងជួយ​​ឲ្យអ្នកបោះឆ្នោតអាចស្គាល់​បានដោយ​ងាយស្រួល​នូវគណបក្ស​នយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត​។

( សំឡេង​លោក ស៊ិក ប៊ុនហុក ប្រធានគជប )

ចំពោះលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត ដែលគណបក្ស​ប្រជាជនកម្ពុជា ឈរនៅលំដាប់លេខរៀងទី២០ ខាងក្រោយគេបង្អស់នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា បានលើកឡើងថា ជា​លេខ​ងាយស្រួល​ចំណាំ​ ដល់​ពលរដ្ឋ​ទូទាំងប្រទេស​។ លេខ២០នេះ ក៏តំណាង​​ឲ្យ​ខួប ២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ដែលនាំដល់​ការបញ្ចប់សង្គ្រាមទាំងស្រុង​នៅកម្ពុជា ក្រោយពីអតីត​មេដឹកនាំខ្មែរក្រហម បានធ្វើសមាហរណកម្ម​ ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

 ដោយឡែក សម្រាប់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ដែលបង្កើតឡើងដោយអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ដែលនិយមកណ្តាល តាមរយៈលោក សាម អ៊ីន អគ្គលេខាធិការគណបក្ស​នេះ បានចាត់ទុកថា លេខរៀងទី៧ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលសម្តេចព្រះសង្ឃរាជ ចាប់បាន នៅពេលនេះ តំណាង​ឲ្យស្មារតីលេខ៧ រស់ឡើងវិញហើយ​។ លេខ៧ នៅលើសន្លឹកឆ្នោត កាលពី​ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ ជាលេខរៀងរបស់គណបក្សសង្គ្រោះជាតិ​។ ប៉ុន្តែលើកនេះ គណបក្ស​សង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ក្នុងប្រទេសកម្ពុជា សម្រេចរំលាយចោល កាលពីចុងឆ្នាំ២០១៧ ក្រោយការចាប់ឃុំខ្លួន​លោកកឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយតុលាការ ចោទថា លោកកឹមសុខា ក្បត់ជាតិ តាមរយៈកិច្ចសហកា​រជា​មួយ​អាមេរិក ក្នុង​​បំណង​​​ផ្តួ​ល​រំលំ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា។ ក៏ប៉ុន្តែតាមលោកកឹមសុខា បំណង​ផ្តួល​គណបក្សប្រជាជនកម្ពុជានោះ គឺធ្វើឡើង​តាម​រយៈការ​បោះឆ្នោត ដូចប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីលើពិភពលោកផ្សេងទៀតប៉ុណ្ណោះ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now