គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបន្តជំនុំជម្រះលើបណ្ដឹង ស្នើសុំលុបឈ្មោះអ្នកបោះឆ្នោត ចំនួន ១៦ បណ្តឹង ដែលមានអ្នកចុះឈ្មោះបោះឆ្នោតជាង ៤០០នាក់។ បណ្តឹងទាំងនោះ ត្រូវបានភ្នាក់ងារគណបក្សសង្គ្រោះជាតិ ប្ដឹងសុំឲ្យលុបឈ្មោះ ដោយសំអាងថា អ្នកទាំងនោះ មិនមែនជាជនជាតិខ្មែរឡើយ។
កាលពីថ្ងៃទី១៦មករា គជប បានចាប់ផ្តើមបើកសវនាការលើបណ្តឹងបោះឆ្នោតនោះ ហើយបានសម្រេចមិនលុបឈ្មោះអ្នកបោះឆ្នោតចំនួន ១៨១ នាក់ ដែលស្ថិតក្នុងពាក្យបណ្ដឹងចំនួន ៧ ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ ឡើយ។
សវនាការដោះស្រាយបណ្តឹងលើបញ្ជីឈ្មោះបោះឆ្នោតទាំងនោះ ធ្វើឡើងដោយថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូប ដឹកនាំដោយលោក ស៊ិកប៊ុនហុក ជាប្រធានគជប និងលោកគួយប៊ុនរឿន អនុប្រធានគជប។
Share





