លោក ស៊ិកប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានសរសេរលិខិត១ច្បាប់ ជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំដល់លោករដ្ឋមន្ត្រី ធ្វើការណែនាំទៅអាជ្ញាធរឃុំសង្កាត់ ឲ្យពង្រឹងការចេញលិខិតបញ្ជាក់ទីលំនៅ ក្នុងឃុំសង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត។
ក្នុងលិខិតចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក ស៊ិក ប៊ុនហុក លើកឡើងថា ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតកន្លងមកនេះ ការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ជូនប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរឃុំសង្កាត់មួយចំនួនធំ បានអនុវត្តត្រឹមត្រូវ ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
ទន្ទឹមនេះ គជប បានសង្កេតឃើញថា នៅមានមេឃុំចៅសង្កាត់មួយចំនួនតូច មិនទាន់បានអនុវត្តត្រឹមត្រូវល្អិតល្អន់ តាមនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោតនេះ នៅឡើយ ទោះបីជាប្រជាពលរដ្ឋមានសាក្សី និងបំពេញគ្រប់លក្ខខណ្ឌស្របតាមការកំណត់មកធានាហើយ តែនៅតែទាមទារឯកសារផ្សេងបន្ថែម ដែលច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងប្រកាសរបស់ក្រសួងមហាផ្ទៃ មិនបានតម្រូវ។
លោក ស៊ិកប៊ុនហុក លើកឡើងថា “គជប សូមស្នើសុំក្រសួងមហាផ្ទៃ មេត្តាធ្វើការណែនាំរំលឹកទៅអាជ្ញាធរឃុំសង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ និងពង្រឹងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ ឲ្យបានម៉ឹងម៉ាត់ត្រឹមត្រូវ ស្របតាមប្រការ ៤ ប្រការ ៥ និងប្រការ ៦ នៃប្រកាសលេខ ១០២៤៥ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ សំដៅធានាឲ្យដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅបានរលូន”។
ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប បានអំពាវនាវដល់មន្ត្រីរៀបចំការបោះឆ្នោត ឲ្យបំពេញតួនាទីដោយគ្មានការរើសអើង ហើយប្រជាពលរដ្ឋក៏ត្រូវបន្តទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ផងដែរ។
( សំឡេងលោកហង្សពុទ្ធា )
សូមបញ្ជាក់ថា ដំណើរការចុះឈ្មោះបោះឆ្នោតបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គជប ប៉ាន់ស្មានថា មានអ្នកចុះឈ្មោះសរុប ៩.៦៦៤.២១៦ នាក់៕




