នៅក្នុងសិក្ខាសាលា ស្តីពី សន្តិសុខបរិស្ថានជាតិ "បទល្មើសព្រៃឈើ និងសត្វព្រៃ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើការកំណែទម្រង់វិស័យបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាល បានរៀបចំឡើងវិញនូវតំបន់ការពារធម្មជាតិ ត្រួតពិនិត្យដីសម្បទាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេស បទល្មើសព្រៃឈើ និងសត្វព្រៃ។
( សំឡេងលោកសៅសុភាព )
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង្កើនចំនួនតំបន់ការពារធម្មជាតិពី ២៣កន្លែង រហូតដល់ ៥១កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៥លានហិកតា នៅពេលសព្វថ្ងៃ។
ចំណែក លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លើកឡើងថា ការធ្វើអាជីវកម្មព្រៃឈើ និងសត្វព្រៃខុសច្បាប់កន្លងមក បានធ្វើប្រទេសកម្ពុជាបាត់បង់ឈើប្រណិត និងសត្វកម្រមួយចំនួន។
(សំឡេងលោក ឱម សាវ៉ាត)
របាយការណ៍ បង្ហាញថា ក្នុងឆ្នាំ២០១៧ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃមានចំនួនសរុបប្រមាណ ១,៤២៨ ករណី ដោយពិន័យអន្តរការណ៍ចំនួន ៦៥០ករណី និងបញ្ជូនទៅតុលាការមានចំនួន ៧៧៨ករណី។ បើប្រៀបធៀបនឹងឆ្នាំ២០១៦ ករណីបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃ បានថយចុះប្រមាណ ៦២ករណី៕




