ទណ្ឌិតចំនួន ៣២១នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខនេះ។
បញ្ជីឈ្មោះទណ្ឌិតទាំងនោះ ត្រូវបានគណៈកម្មការថ្នាក់ជាតិ ដឹកនាំដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រជុំពិនិត្យ និងវាយតម្លៃ កាលពីព្រឹកថ្ងៃទី៤ ខែមេសា។ ក៏ប៉ុន្តែមិនទាន់សម្រេចថា តើអ្នកទោសប៉ុន្មាននាក់ នឹងត្រូវទូលស្នើសុំ ថ្វាយព្រះមហាក្សត្រ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសនៅឡើយទេ។
សូមបញ្ជាក់ថា ក្នុង ១ឆ្នាំ មានការទូលថ្វាយព្រះមហាក្សត្រ លើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន ៣ដង គឺនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា និងពិធីបុណ្យអុំទូក។ នៅប្រទេសកម្ពុជាយើង មានពន្ធនាគារ ចំនួន ២៧ និងមានអ្នកទោសសរុបជាង ១ម៉ឺន ៨ពាន់នាក់៕





