ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៧ នៅរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានស្នើដល់លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីពិនិត្យឡើងវិញនូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ។
បន្ទាប់ពីកិច្ចប្រជុំដោយបិទទ្វារ កាលពីរសៀលថ្ងៃទី១០មករា លោកយ៉ែម បុញ្ញឫទ្ធិ បានប្រាប់ក្រុមអ្នកកាសែតថា ពីមុននៅកម្ពុជាព្រះសង្ឃអាចប្រើប្រាស់ព្រះឆាយាដើម្បីប្រើប្រាស់កិច្ចការផ្សេងៗ។ តែពេលនេះ ច្បាប់បានតម្រូវឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិសេសសម្រាប់ការចុះឈ្មោះបោះឆ្នោត។ ចំណុចនេះ លោករដ្ឋមន្ត្រី សន្យាថានឹងយកសំណើនេះទៅពិភាក្សាពិគ្រោះយោបល់។
សូមបញ្ជាក់ថា ព្រះសង្ឃនៅកម្ពុជាសព្វថ្ងៃមានជាង៦ម៉ឺន៥ពាន់អង្គ៕





