រថភ្លើងដឹកអ្នកដំណើរពីស្ថានីយបាត់ដំបង-ពោធិ៍សាត់ មានប្រវែងសរុប ១០៧ គ.ម ដែលក្នុងនោះ ប្រវែង ៧៥ គ.ម ស្ថិតក្នុងខេត្តបាត់ដំបង និងប្រវែង ៣២ គ.ម ស្ថិតក្នុងខេត្តពោធិ៍សាត់។ នៅពេលដែលកំណាត់ផ្លូវរថភ្លើងនេះ បានដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី២៩ឧសភាតទៅ ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមរថភ្លើង ពីបោយប៉ែត ព្រំដែនថៃ-មកកាន់សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ- បន្តទៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
នៅពេលសម្ពោធដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរពីខេត្តបាត់ដំបង ដល់ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា នៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ដំណើរការកំណាត់ផ្លូវដែក ពោធិ៍សាត់-ភ្នំពេញ ដែលមានប្រវែង ១៦៦ គីឡូម៉ែត្រ។ នៅពេលនោះ នឹងមានពិធីជួបជុំ ប្រកាសដាក់ឲ្យដំណើរការឡើងវិញនូវការដឹកជញ្ជូនតាមផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនថៃ ដែលពិធីនេះ នឹងធ្វើឡើង នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងភ្នំពេញ។
( សំឡេងលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល )
សូមបញ្ជាក់ថា ផ្លូវដែកភាគខាងជើង រាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ព្រំដែនថៃ មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើង អំឡុងឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង។ ក៏ប៉ុន្តែផ្លូវដែកនេះ ត្រូវផ្អាកលែងដំណើរការ ដោយសារតែសង្គ្រាមអំឡុងឆ្នាំ១៩៧០ និងបន្តដល់សម័យខ្មែរក្រហម។
ក្រោយរំដោះចេញពីរបបខ្មែរក្រហម មានការជួសជុលស្តារឡើងវិញ ហើយដាក់ឲ្យដំណើរការរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ តែមិនដំណើរការដោយរលូនទេ។
យ៉ាងណាក៏ដោយ ក្នុងដំណាក់កាលការស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៩៦,៦ លានដុល្លារអាមេរិក។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ១៣ លានដុល្លារ ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរផ្លូវរថភ្លើងបាត់ដំបង-ពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រកាសច្រានចោលនូវព័ត៌មាន ដែលថា រដ្ឋាភិបាលជប៉ុន ផ្តាច់ជំនួយ ក្នុងការសាងសង់ផ្លូវរថភ្លើងលើអាកាស នៅរាជធានីភ្នំពេញ។ តែតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅពេលនេះ ជប៉ុន តាមរយៈ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស នៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រោងនឹងចំណាយប្រមាណ ៨០០ លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ នៅពេល ការសិក្សានេះ ចប់សព្វគ្រប់ នឹងបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងលើអាកាស ដែលប្រហែលជានឹងធ្វើឡើងនៅឆ្នាំ២០១៩។
តាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អ្នកលើកឡើងពាក្យមិនពិតនោះថា ជប៉ុន មិនឲ្យលុយមករដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវរថភ្លើងលើអាកាសនៅភ្នំពេញទេ ដោយសារការបោះឆ្នោតនៅកម្ពុជា មិនត្រឹមត្រូវ។ តែលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ប្រជាជនកម្ពុជាឲ្យច្បាស់ថា មិនមានបញ្ហានេះ កើតឡើងទាល់តែសោះ។ យើងកំពុងសិក្សា ហើយជប៉ុនបានឯកភាពឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីលុយប្រហែលជា ៨០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកមកកសាងផ្លូវរថភ្លើងនៅលើអាកាស នៅភ្នំពេញ។ ពេលយើងសិក្សាចប់សព្វគ្រប់ នឹងបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងលើអាកាសនោះហើយ៕




