ប៉ូលិសបានចុះស្រង់ស្ថិតិនិងធ្វើជំរឿនជនអន្តោប្រវេសន៍នេះអស់ពេលជាង១ឆ្នាំកន្លះគិតចាប់ពីដើមឆ្នាំ២០១៥មកទល់នឹងពាក់កណ្តាលឆ្នាំ២០១៦នេះ។
លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការចុះស្រង់ស្ថិតិ និងជំរឿនជនបរទេសនៅកម្ពុជា គឺអនុវត្តបានតែជាង ៨៥ភាគរយប៉ុណ្ណោះ ព្រោះតែជនអន្តោប្រវេសន៍មួយផ្នែកធំ បានគេចវេសមិនព្រមសហការដើម្បីស្រង់ស្ថិតិឡើងវិញទេ។ ឯខ្លះទៀត បានធ្វើដំណើរទៅមកក្នុងន័យជាអ្នកពាណិជ្ជកម្មនៅក្រៅប្រទេស។
( សំឡេងលោកសុខ ផល )
របាយការណ៍ជំរឿនជនអន្តោប្រវេសន៍បង្ហាញថាជនអន្តោប្រវេសន៍ជាង១៦ម៉ឺននាក់នោះ រស់នៅច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តព្រៃវែង។
សូមបញ្ជាក់ថា លទ្ធផលបញ្ជីជំរឿនស្ថិតិជនអន្តោប្រវេសន៍កាលពីឆ្នាំ២០០២ បង្ហាញថា កម្ពុជាមានជនអន្តោប្រវេសន៍ជិត២ម៉ឺនគ្រួសារ ត្រូវជាជាង៧ម៉ឺននាក់។ ចំណែកឯឆ្នាំ២០១០ មានជនអន្តោប្រវេសន៍ប្រមាណ ២ម៉ឺន១ពាន់គ្រួសារ ត្រូវជា ១សែននាក់៕



