ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បញ្ជាក់​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​នេះ

Son Soubert,President of Human Rights Party - AAP

Son Soubert: President of Human Rights Party - AAP Source: AAP

លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានសរសេរលិខិតជម្រាបជូនលោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដំណឹងស្តីអំពី ការរំលាយគណបក្សសិទ្ធិមនុស្ស។


ក្នុង​​លិខិត​ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោក សឺន ស៊ូបែរ្តិ៍ លើកឡើងថា ការរំលាយ​គណបក្ស​សិទ្ធិមនុស្ស ដោយ​យោង​តាម​ស្មារតី​នៃ​អង្គប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សិទ្ធិមនុស្ស​កាលពីរសៀល​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨​។

លោក សឺន ស៊ូបែរ្តិ៍ បានបញ្ជាក់​ក្នុងលិខិតថា “តាម​សម័យ​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ គណបក្ស​សិទ្ធិមនុស្ស ដូចយោង​ខាងលើ បាន​សម្រេច​ជា​ឯកច្ឆន្ទ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស ចាប់ពី​ថ្ងៃនេះ​តទៅ”។​

សូមរម្លឹកថា គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងដោយលោកកឹមសុខា កាលពីឆ្នាំ២០០៧​។ គណបក្សនេះ បានចូលរួម​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០០៨ ដោយទទួល​បាន ៣ អាសនៈ​។ រហូតដល់ឆ្នាំ២០១២ លោកកឹមសុខា បានចូលរួម​ជាមួយលោកសមរង្ស៊ី បង្កើតគណបក្ស​សង្គ្រោះជាតិ ហើយគណបក្សសិទ្ធិមនុស្ស បានជ្រើសតាំង​លោក សឺន ស៊ូបែរ្តិ៍ ជាប្រធាន​។

ជាមួយគ្នានោះ កញ្ញា កឹមមនោវិទ្យា កូនស្រីច្បងរបស់លោកកឹមសុខា​ បានប្រកាសថា គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយគណបក្សសិទ្ធិមនុស្ស ដោយឈរលើគោលការណ៍ ៣ យ៉ាង គឺទី១-ដើម្បីបញ្ជាក់ពីជំហរ​នៃការរួបរួម​មិនមាន​ការបែកបាក់​របស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។ ទី២-មិន​ធ្វើតាម​ សេណារីយ៉ូ ដែលគេឲ្យយើង​លេងល្បែង ក្រោយពីការ​រំលាយគណបក្សសង្គ្រោះជាតិ ហើយគេឲ្យើង​ចែកចានចែកឆ្នាំង​ទៅនៅផ្ទះ​ចាស់រៀងៗខ្លួននោះទេ។ និងទី៣-គោរពឆន្ទៈរបស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង ៣លាននាក់ ដោយនៅជាមួយគណបក្សសង្គ្រោះជាតិ៕

 


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now