ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មីនេះ នឹងប្រារព្ធឡើង ក្រោមប្រធានបទ “សាទរមរតកដូនតា”។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ អបអរសាទរឆ្នាំថ្មី ត្រូវបានកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន រៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត ទីលានប្រជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្រ្ទីក និងសួនច្បារព្រះរាជដំណាក់ ក្នុងទីរួមខេត្តសៀមរាប ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពាក់កណ្តាលខែមេសា។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងភរិយា ដែលជាឪពុកម្តាយរបស់លោកហ៊ុនម៉ានី ក៏តែងតែអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
សូមរម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលតែងតែធ្វើឡើង នៅខេត្តសៀមរាប បានបង្ហាញនូវឧបករណ៍ សម្ភារៈធំៗ ដូចជា កាលពីឆ្នាំ២០១៥ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដាក់តាំងបង្ហាញអន្សមយក្ស ហើយនៅឆ្នាំ២០១៦ កន្លងមក មានការតាំងបង្ហាញបំពង់ទឹកត្នោតយក្ស និងនៅឆ្នាំ២០១៧ កន្លងមក គឺការដាក់តាំងបង្ហាញចាប៉ីដងវែងយក្ស។ ដោយឡែក នៅឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងតាំងបង្ហាញនូវក្បាលស្មុគយក្ស ដែលក្បាលស្មុគនេះ គេប្រើប្រាស់សម្រាប់របាំបុរាណ ឬរបាំព្រះរាជទ្រព្យ ជាដើម៕




