អ្នកជំនាញខាងមហាសង្ក្រាន្ត លោក អ៊ឹម បូរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានព្យាករណ៍ថា ឆ្នាំរកា ពុទ្ធសករាជ ២៥៦១ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ជាឆ្នាំ ដែលមានទឹកធំ មានខ្យល់ព្យុះច្រើន ហើយនៅដើមឆ្នាំ ភ្លៀងធ្លាក់ចុះខ្សោយ ពាក់កណ្តាលឆ្នាំភ្លៀងមធ្យម និងភ្លៀងច្រើន នៅចុងឆ្នាំ។
ឆ្នាំថ្មីនេះ ស្រូវស្រែ កាក់កបល្អ ប៉ុន្តែធញ្ញហារ ខូចពាក់កណ្តាល ដោយសារមានជំងឺច្រើន។ រីឯព្រះរាជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានជោគជ័យលើគូសត្រូវ។
ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី គឺជាបុត្រី ទី៦ នៃកបិលមហាព្រហ្ម នឹងយាងមកដល់នៅម៉ោង ៣ និង ១២ នាទី ម៉ោងនៅប្រទេសកម្ពុជា ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយផ្លែចេកណាំវ៉ា ឬចេកទឹក និងមានសត្វក្របី ជាជំនិះ៕
Share




