ស្ថានភាពហក់ឡើងវិញនៃអ្នកឆ្លងកូវីដ-១៩ដូច្នេះ នាំអោយរដ្ឋបាលរាជធានីភ្នំពេញ កំណត់ផ្នែកខ្លះនៃភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ ក្នុងសង្កាត់ចោមចៅទី៣ របស់ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស ដែលកំពុងឈរជើង ដឹកនាំកងកម្លាំងនៅកន្លែងបិទខ្ទប់តំបន់លឿងទុំ ក្នុងខណ្ឌឫស្សីកែវ ជិតស្ពានជ្រោយចង្វារ បានថ្លែងយ៉ាងដូច្នេះ៖
( សំឡេង )
សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជា បានកើនឡើងវិញ ដល់ខ្ទង់ជាង ៥០០ ទៅជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ។ ក្នុងនោះ នៅភ្នំពេញ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដពីជាង ១០០នាក់ ឡើងដល់ជាង ២០០នាក់ និងជាង ៣០០នាក់ ក្នុង ១ថ្ងៃ។
ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា កាលពីថ្ងៃទី២៦ ខែឧសភា មានករណីឆ្លងថ្មី នៅកម្ពុជា ចំនួន ៦៤៩នាក់ ជាសះស្បើយ ៦២៦នាក់ និងស្លាប់ ៤នាក់បន្ថែមទៀត។ ជាសរុប នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ ចំនួន ២៧៦៣៨នាក់ ជាសះស្បើយ ២០៣៩៨នាក់ និងស្លាប់សរុប ១៩៤នាក់។ នេះបើតាមគិតត្រឹមថ្ងៃទី២៧ ខែឧសភា៕