ការសិក្សាមួយធ្វើឡើងដោយសកលវិទ្យាល័យ Western Sydney University បានរកឃើញថា កុមារដែលកើតតាមវិធីសាស្រ្តដោយប្រើជំនួយវេជ្ជសាស្រ្ត ទំនងជាមានបញ្ហាសុខភាពនៅពេលដែលពួកគេមានអាយុ៥ឆ្នាំ ជាងកុមារដែលកើតតាមធម្មជាតិ។
ការសិក្សាបង្ហាញថា ទារកដែលកើតដោយការវះកាត់ មានអត្រាប្រឈមនឹងជំងឺកំដៅរាងកាយទាប និងបញ្ហាដុតរំលាយអាហារក្នុងរាងកាយ (metabolic disorder) ខ្ពស់ជាងធម្មតានៅក្នុងពេលប៉ុន្មានឆ្នាំក្រោយ។
ហើយគេរកឃើញទៀតថា ទារកដែលកើតដោយប្រើឧបករណ៍ជំនួយ ទំនងជាមានជំងឺខាន់លឿង និងមានបញ្ហាក្នុងការបំបៅច្រើនជាងធម្មតា។
ការសិក្សាក៏បានបញ្ជាក់ថា ទារកដែលកើតដោយប្រើប្រាស់ជំនួយវេជ្ជសាស្រ្តតាមទម្រង់ណាក៏ដោយ ទំនងជាមានបញ្ហាច្រើនខាងផ្លូវដង្ហើម បញ្ហាដុតរំលាយអាហារក្នុងរាងកាយ (metabolic disorder) និង ជំងឺស្បែកស្ងួតឬតាអក។.
ការសិក្សាលើស្ត្រីជិតកន្លះលាននាក់និងកូនរបស់ពួកគេដែលកើតនៅរដ្ឋញូវសៅវែលចន្លោះឆ្នាំ 2000 និងឆ្នាំ 2008 បានបង្ហាញថាការបង្កើតកូនតាមទ្វារមាសដោយឯកឯង អាចបន្ថយហានិភ័យទាំងនោះ។
ដោយឡែក ស្ត្រីភាគច្រើននៅក្នុងការសិក្សានេះ បានទទួលថ្នាំបំបាត់ការឈឺចាប់អំឡុងពេលឈឺពោះកើតកូន ខណៈដែលជាង 40% ត្រូវបានគេចាក់ថ្នាំឲ្យស្បូនបើក ឬក៏ទទួលជំនួយផ្សេងទៀត។
តិចជាង 40 ភាគរយកើតតាមធម្មជាតិ ហើយ 11 ភាគរយកើតដោយការវះកាត់។
តិចជាង 10 ភាគរយត្រូវការវះកាត់ជាបន្ទាន់។
សរុបមកស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអូស្រ្តាលី 3 នាក់ ធ្វើការវះកាត់បង្កើតកូន ដែលនេះជាអត្រាខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ភាគច្រើនដទៃទៀត៕



