រដ្ឋសភាកាលពីថ្ងៃទី១០កុម្ភៈ បានទទួលលិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦០រូប ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីស្នើធ្វើវិសោធនកម្ម កែប្រែច្បាប់គណបក្សនយោបាយនោះ នឹងដាក់ចូលទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែលោកសុនឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចំពោះគម្រោងធ្វើវិសោធនកម្ម កែប្រែច្បាប់គណបក្សនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ឡើយ។ ទោះមិនមានច្បាប់ ឬក៏មានច្បាប់ដែលកំណត់មិនឲ្យមានលោក សម រង្ស៊ី ដែលមានឈ្មោះជាទណ្ឌិត ធ្វើជាប្រធានគណបក្សក៏ដោយ ក៏លោក សម រង្ស៊ី នៅតែដឹកនាំគណបក្សសង្គ្រោះជាតិពីក្រៅប្រទេសដូចពេលនេះដដែល៕




