ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្សព្វផ្សាយនូវសេចក្តីប្រកាសរបស់រដ្ឋមន្រ្តី ទទួលបន្ទុកផ្នែកសារព័ត៌មាន ស្តីពី ការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជា។
ជំនួយរបស់សហរដ្ឋអាមេរិក ដែលត្រូវកាត់បន្ថយនោះ គឺលើផ្នែកយោធា និងផ្នែកពន្ធដារនៅកម្ពុជា ដែលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកថា មិនប៉ះពាល់ដល់វិស័យការពារជាតិកម្ពុជាទេ តែជាការដាក់ទណ្ឌកម្មលើអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
សូមរម្លឹកថា ចាប់តាំងពីតុលាការកំពូល របស់ប្រទេសកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានប្រកាស សម្រេចផ្តាច់ជំនួយ ដែលអាមេរិក ជួយដល់ការបោះឆ្នោតនៅកម្ពុជា។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុប ក៏បានផ្តាច់ជំនួយរបស់ខ្លួន ដែលជួយគ.ជ.ប ដើម្បីរៀបចំការបោះឆ្នោតផងដែរ។ ក៏ប៉ុន្តែជប៉ុន នៅតែបន្តជួយដល់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត នៅកម្ពុជា ដែលនឹងចូលមកដល់ គឺការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជំនួយសព្វាវុធជាច្រើនប្រភេទ របស់ប្រទេសចិន បានមកដល់កម្ពុជា ហើយត្រូវបានកងទ័ពដឹកជញ្ជូនទាំងយប់ យកទៅស្តុកទុកតាមឃ្លាំងរបស់ក្រសួងការពារជាតិ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសជាធារណៈក្នុងពេលលោកជួបសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅតាមផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕





