កម្ពុជាបង្កើតផ្នែកសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Spokeman of  Cambodia Education Ministry Ros Sovicha

លោក រស់ សុវិចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា បានប្រកាសពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះ មានផ្នែកថ្មីមួយ ដើម្បីសិក្សាភាសាវៀតណាម។


ក្នុងសន្និសីទកាសែត ស្តីពីសមិទ្ធផលរយៈពេល ៥ឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី១៦ ខែសីហា លោក រស់ សុវិចា អ្នកនាំពាក្យក្រសួងអប់រំ បានគូសបញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់ថ្មីមួយ ដើម្បីសិក្សាភាសាវៀតណាមនេះ គឺជាយន្តការថ្មី ស្ថិតក្រោមកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអបរំ កម្រិតឧត្តមសិក្សា រវាងកម្ពុជា និងវៀតណាម ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ ដែលមិនខុសគ្នាពីកិច្ចសហប្រត្តិការ ដែលក្រសួងអប់រំ មានជាមួយបណ្ដាប្រទេសផ្សេងៗទៀតទេ។

លោករស់សុវិចា បន្ថែមថា នៅក្នុងដេប៉ាតឺម៉ង់សិក្សាវៀតណាមថ្មីនេះ ផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម (Vietnamese Studies), មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។

(សំឡេង )

សូមរម្លឹកថា វត្តមាននៃការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ បានធ្វើឱ្យមហាជនមួយចំនួន រិះគន់ និងមិនពេញចិត្ត លើការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប៉ុន្តែក្រសួងអប់រំ បានបកស្រាយថា ដេប៉ាតឺម៉ងថ្មីនេះ ដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ របស់រដ្ឋ បានបង្កើតកន្លងមក ដូចជា ភាសាបារាំង អង់គ្លេស ចិន និងភាសាជប៉ុន ជាដើម។

សូមរម្លឹកបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (វ.ស.ន.ប) ឬភាសាអង់គ្លេស Institute for International Studies and Public Policy (IISPP)។ ក្នុងវិទ្យាស្ថាននេះ មានដេប៉ាតឺម៉ង់ ចំនួន ៤ រួមមាន ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ដែលមានមុខជំនាញទំនាក់ទំនងអន្តរជាតិ និងមុខជំនាញកិច្ចការអន្តរជាតិ, ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ ដែលមានមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ មុខជំនាញសេដ្ឋកិច្ចឌីជីថល មុខជំនាញសេដ្ឋកិច្ចគ្រប់គ្រង មុខជំនាញសេដ្ឋកិច្ចវិភាគនិងគ្រប់គ្រងហានិភ័យ និងមុខជំនាញសេដ្ឋកិច្ចនយោបាយអន្តរជាតិ។

ដោយឡែកដេប៉ាតឺម៉ង់ទី៣ គឺដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ដែលមានមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ និងមុខជំនាញគោលនយោបាយសាធារណៈ។ ដេប៉ាតឺម៉ង់ទី៤ គឺសិក្សាវៀតណាម ដែលមានមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។

ក្រៅពីនេះ ក្នុងវិទ្យាស្ថាននេះ ក៏មានបង្កើតមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍, មជ្ឈមណ្ឌលខេមរសិក្សា និងមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ផងដែរ៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now