ទស្សនៈជុំវិញការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា

Hun Manet.jpg

កាលពីថ្ងៃទី៧ ខែសីហា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា នៅអាណត្តិទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។


មួយថ្ងៃក្រោយមក នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យមួយទៀត ត្រាស់បង្គាប់ ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត»ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់។ ការតែងតាំងលោក ហ៊ុន ម៉ាណែត រួមទាំងការផ្តល់គោរមងារខាងលើនេះ ធ្វើឡើងតាមលិខិតក្រាបបង្គំទូលថ្វាយរបស់លោក ហ៊ុន សែន ជាឪពុក។

នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ Telegram Channel របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានផ្សព្វផ្សាយនូវអត្ថន័យនៃគោរមងារ “កិត្តិទេសាភិបាលបណ្ឌិត” ដែលមានសេចក្តីថា «អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កើងរុងរឿង»។

ចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្រាប់អាណត្តិថ្មី រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ត្រូវបានប្រជាពលរដ្ឋ និងបញ្ញាវន្តខ្មែរ នៅភ្នំពេញ លើកឡើងយ៉ាងដូច្នេះថា៖ ( សំឡេង )

កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន។ លោកបានរៀនចប់សាលាបណ្ឌិតយោធា West Point របស់អាមេរិក និងចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅញូវយ៉ក សហរដ្ឋអាមេរិក ហើយបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅប្រទេសអង់គ្លេស។ ក្នុងជួរកងទ័ព លោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ ផ្កាយមាស ៤ និងជាអគ្គមេបញ្ជាការរងកងទ័ព ព្រមទាំងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានជាប់ឆ្នោត ជាអ្នកតំណាងរាស្ត្រ នៅលំដាប់លេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ។

សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ទទួលបាន ១២០អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ១២៥អាសនៈ បានប្រកាសថា តាមគម្រោង ព្រះមហាក្សត្រ នឹងកោះប្រជុំរដ្ឋសភាថ្មី នៅព្រឹកថ្ងៃទី២១ ខែសីហា។ ពេលរសៀល សមាជិករដ្ឋសភា ជាប់ឆ្នោតទាំង ១២៥រូប ចូលស្បថ ក្នុងព្រះបរមរាជវាំង ហើយនៅព្រឹកថ្ងៃទី២២សីហា រដ្ឋសភាថ្មី នឹងប្រជុំបោះឆ្នោតអនុម័តលើក្បាលម៉ាស៊ីន ជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ពោលគឺរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងចេញរូបរាងផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាង ៣៨ឆ្នាំ គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ នឹងនៅបន្តជាអ្នកក្តោបក្តាប់អំណាចដ៏មានឥទ្ធិពលរបស់កម្ពុជាដដែល។ ពោលគឺលោក នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងធ្វើជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយនៅក្រោយការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤ លោកហ៊ុនសែន នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងទៅក្រៅប្រទេស៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service