ទិវាសម្អាតបរិស្ថានអូស្រ្តាលី ឬ Clean Up Australia Dayត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យសប្តាហ៍ទីមួយនាខែមីនា។
ទិវាសំអាតបរិស្ថានអូស្ត្រាលីគឺជាព្រឹត្តការណ៍ប្រចាំឆ្នាំរបស់សហគមន៍ ដែលបានផ្តួចផ្តើមឡើងដោយពលរដ្ឋអូស្ត្រាលី លោក Ian Kiernan បន្ទាប់ពីលោកបានធ្វើដំណើរតាមសំពៅជុំវិញពិភពលោក និងបានជួបប្រទះនូវសម្រាមជាច្រើននៅតាមទីកន្លែងដែលលោកបានទៅទស្សនា។
លោកបានរៀបចំព្រឹត្តការណ៍សំអាតសហគមន៍ដំបូងនៅស្ពាន Sydney Harbour កាលពីឆ្នាំ ១៩៨៩ ដោយមានអ្នកចូលរួមជាងបួនម៉ឺននាក់ដោយធ្វើការប្រមូលសម្រាមគ្រប់ប្រភេទ។ គំនិតស្តីពីការសំអាតបរិស្ថាននេះបានដាស់សតិអារម្មណ៍ដល់ពលរដ្ឋជាច្រើនទៀតអោយចូលរួម ដោយនៅឆ្នាំបន្ទាប់មានអ្នកចូលរួមរហូតដល់ជាង ៣០ ម៉ឺននាក់ ហើយការចូលរួមមានកាន់តែកើនឡើងជារៀងរាល់ឆ្នាំ។
គំនិតរបស់លោក Ian គឺលោកចង់ផ្សព្វផ្សាយពីទិវាសម្អាតបរិស្ថាននេះដល់ពិភពលោកទាំងមូល។ បន្ទាប់ពីទទួលបាន ការគាំទ្រពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិមក ទិវាសម្អាតបរិស្ថានពិភពលោកត្រូវបានសម្ភោធជាផ្លូវការកាលពីឆ្នាំ ១៩៩៣ ដោយនៅឆ្នាំសម្ភោធដំបូងនេះមានពលរដ្ឋប្រមាណ ៣០លាននាក់បានចូលរួមនៅតាមប្រទេស ចំនួន ៨០។
ដោយឡែកកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា កន្លងមកនេះសមាគមខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា បានដឹកនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុង Greater Dandenong ព្រមទាំងនិស្សិតប្រមាណ ១០០ នាក់ ដោយធ្វើការបែងចែកជាក្រុម រួចដើររើស សំរាមនៅតាមដងផ្លូវមួយចំនួននៅបរិវេណហាងលក់ទំនិញ តំបន់ Springvale ព្រមទាំងតាមបណ្តោយផ្លូវមួយចំនួនទៀតនៅជិតទីស្នាក់ការសមាគមខ្មែរផងដែរ៕





