ប្រទេសអូស្រ្តាលីបានបើកដំណើរការកម្មវិធី COVIDSafe App ដែលជា កម្មវិធីតាមដានរបស់រដ្ឋាភិបាលដើម្បីជួយទាក់ទងអ្នកដែលប្រឈមនឹងវីរុសកូវីដ -១៩ ។ វាគឺជាកម្មវិធីAppមួយនៅលើទូរស័ព្ទដៃ។ ហើយនេះជាអ្វីដែលអ្នកត្រូវដឹង។
តើកម្មវិធីAppនេះបង្កើតឡើងដើម្បីអ្វី?
គេរំពឹងថាកម្មវិធីAppនេះនឹង ធ្វើឲ្យការតាមដានលើករណីវីរុសកូរ៉ូណា និងមនុស្សដែលពួកគេទាក់ទង បានប្រសើរជាងមុន។ វានឹងអនុញ្ញាតឱ្យកំណត់អត្តសញ្ញាណបុគ្គលដែលអាចមានទំនាក់ទំនងជាមួយអ្នកដែលមានផ្ទូកវីរុសនេះ តាមរយៈទិន្នន័យដែលត្រូវបានរក្សាទុកនៅក្នុងទូរស័ព្ទ នៅពេលដែលទិន្នន័យទាំងនេះផ្តល់ជូនអាជ្ញាធរសុខាភិបាល។
អ្នកដែលមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺនឹងត្រូវបានកត់ត្រាទុក ប្រសិនបើបុគ្គលនោះបានចូលទៅជិតអ្នកជំងឺក្នុងចម្ងាយ 1,5 ម៉ែត្រ ហើយបើកកម្មវិធីAppនេះ ហើយមានទំនាក់ទំនងគ្នាយ៉ាងហោចណាស់ 15 នាទី។
ការចុះឈ្មោះប្រើប្រាស់កម្មវិធី COVIDSafe app គឺដោយស្ម័គ្រចិត្ត។ រដ្ឋាភិបាលណែនាំឱ្យប្រជាជនអូស្ត្រាលីទាំងអស់ទាញយកកម្មវិធីនេះ ពីព្រោះថា នៅពេលដែលមានប្រជាជនអូស្ត្រាលីកាន់តែច្រើនភ្ជាប់កម្មវិធី COVIDSafe App នេះ ពួកគេអាចតាមដានមេរោគនេះបានកាន់តែឆាប់។
តើអាជ្ញាធរនឹងប្រើប្រាស់ទិន្នន័យ COVIDSafe នេះតាមរបៀបណា?
កម្មវិធី COVIDSafe app ត្រូវបានបង្កើតឡើង ដើម្បីពន្លឿនដំណើរការដែលបច្ចុប្បន្នធ្វើដោយដៃក្នុងការស្វែងរកមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានកូវីដ១៩ ។ ដំណើរការនេះគួរតែកាត់បន្ថយឱកាសនៃការចម្លងវីរុសនេះទៅក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដទៃទៀតនៅក្នុងសហគមន៍ ដោយមិនដឹងខ្លួន។
មន្រ្តីសុខាភិបាលនៅតាមបណ្តារដ្ឋនិងដែនដីអាចចូលទៅក្នុងកម្មវិធីបាន លុះត្រាណានរណាម្នាក់ដែលធ្វើតេស្តឃើញវិជ្ជមាន និងយល់ព្រមបញ្ចូលព័ត៌មាននេះនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។ មន្ត្រីសុខាភិបាលអាចប្រើព័ត៌មានកម្មវិធីនេះដើម្បីតែជួយដាស់តឿនដល់អ្នកដែលអាចនឹងត្រូវការផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ឬត្រូវធ្វើតេស្តរកវីរុសនេះតែប៉ុណ្ណោះ។
កម្មវិធី COVIDSafe app គឺជាកម្មវិធីដានទំនាក់ទំនងតែមួយគត់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្ត្រាលី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ COVIDSafe app Health Department website.
តើព័ត៌មានផ្ទាល់ខ្លួនអ្វីខ្លះដែលអ្នកចែកចាយតាមរយៈកម្មវិធី COVIDSafe app?
នៅពេលអ្នកប្រើប្រាស់ទាញយកកម្មវិធី appនេះ ពួកគេផ្តល់ឈ្មោះ លេខទូរស័ព្ទ និងលេខកូដប្រៃសណីយ៍(postcode) ហើយជ្រើសរើសក្រុមអាយុ។ បន្ទាប់មក ពួកគេនឹងទទួលបានសារជាអក្សរ បញ្ជាក់អំពីការបញ្ចប់ការដំឡើងកម្មវិធីនេះ។ បន្ទាប់មក ប្រព័ន្ធនេះបង្កើតលេខកូដយោងដែលបានអ៊ិនគ្រីបតែមួយគត់។
COVIDSafe ស្គាល់ឧបករណ៍ផ្សេងទៀតដែលបានតំឡើងកម្មវិធីCOVIDSafe app ហើយបើកដំណើរការBluetooth។ នៅពេលដែលកម្មវិធីAppនេះ ស្គាល់អ្នកប្រើប្រាស់ផ្សេងទៀត វាកត់សំគាល់កាលបរិច្ឆេទ ពេលវេលា ចម្ងាយ និងរយៈពេលនៃការទំនាក់ទំនង និងលេខកូដយោងរបស់អ្នកប្រើផ្សេងទៀត។ គេសន្មតថា កម្មវិធី COVIDSafe មិនត្រូវប្រមូលទីតាំងរបស់អ្នកប្រើប្រាស់ទេ។
រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ព័ត៌មានត្រូវបានអ៊ិនគ្រីប ហើយឧបករណ៍កំណត់អត្តសញ្ញាណដែលអ៊ិនគ្រីបនោះត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅលើទូរស័ព្ទរបស់អ្នកប្រើប្រាស់។ ព័ត៌មានទំនាក់ទំនងដែលផ្ទុកនៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ នឹងត្រូវបានលុបចោលលើវដ្តរំកិលរយៈពេល ២១ ថ្ងៃ។ រយៈពេលនេះគឺពិចារណាដោយផ្អែកលើរយៈពេលនៃការបង្ករោគកូវីដ - ១៩ និងពេលវេលាដែលត្រូវធ្វើតេស្ត។
តើអ្វីនឹងកើតឡើងប្រសិនបើអ្នកប្រើប្រាស់កម្មវិធី app នេះធ្វើតេស្តឃើញវិជ្ជមាន?
នៅពេលដែលនរណាម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ១៩ ព័ត៌មានទំនាក់ទំនងដែលបានអ៊ិនគ្រីបពីកម្មវិធីនេះ នឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធផ្ទុកព័ត៌មាន ដែលមានសុវត្ថិភាពមួយ ប្រសិនបើទទួលបានការអនុញ្ញាតពីអ្នកប្រើប្រាស់។ មន្ត្រីសុខាភិបាលថ្នាក់រដ្ឋនិងដែនដីនឹង៖
- ប្រើទំនាក់ទំនងដែលចាប់បានដោយកម្មវិធីដើម្បីនេះ គាំទ្រដល់ការតាមដានទំនាក់ទំនងតាមធម្មតារបស់ពួកគេ
- ទូរស័ព្ទទៅបុគ្គលទាំងនោះ ដើម្បីឱ្យពួកគេ ឬឪពុកម្តាយ / អាណាព្យាបាលរបស់ពួកគេដឹងថា ពួកគេប្រហែលជាបានប្រឈមនឹងមេរោគនេះ។
- ផ្តល់យោបល់លើជំហានដែលត្រូវធ្វើបន្ទាប់មកទៀត រួមមាន៖
- អ្វីដែលត្រូវសង្កេតមើល
- ត្រូវធ្វើតេស្តនៅពេលណា តាមរបៀបណា និងនៅកន្លែងណា
- អ្វីដែលត្រូវធ្វើ ដើម្បីការពារមិត្តភក្តិ និង ក្រុមគ្រួសារពីការប៉ះពាល់មេរោគនេះ
- មន្រ្តីសុខាភិបាលនឹងមិនបញ្ចេញឈ្មោះអ្នកដែលឆ្លងជំងឺនេះទេ។
ប្រសិនបើអ្នកព្រួយបារម្ភអំពីភាពឯកជននៃទិន្នន័យរបស់អ្នក សូមអានគោលការណ៍ភាពឯកជន (Privacy Policy)។
ប្រជាជននៅក្នុងប្រទេសអូស្ត្រាលី ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ ហើយការជួបជុំគ្នាត្រូវបានកំណត់ត្រឹមតែមនុស្សពីរនាក់ លើកលែងតែអ្នកនៅជាមួយក្រុមគ្រួសាររបស់អ្នក ឬអ្នកដែលនៅផ្ទះជាមួយអ្នក។
ប្រសិនបើអ្នកជឿជាក់ថា អ្នកបានឆ្លងវីរុសនេះ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក (សូមកុំទៅជួបផ្ទាល់) ឬទាក់ទងតាមលេខទូរស័ព្ទទំនាក់ទំនងព័ត៌មានសុខភាពស្តីពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។
SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី អំពីការវិវត្តន៍ថ្មីៗនៃកូវីដ១៩ ។
ដំណឹងនិងព័ត៌មានមានជា ៦៣ ភាសានៅលើគេហទំព័រ៖ sbs.com.au/coronavirus៕