មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីរថយន្តវ៉ែនមួយគ្រឿងបានបើកបុកចូលទៅក្នុងហ្វូងមនុស្សនៅក្នុងអ្វីដែលប៉ូលិសនិយាយថា គឺជាការវាយប្រហារភេរវកម្មមួយក្នុងទីក្រុងបាសេឡូណាប្រទេសអេស្បាញ។
មានរបាយការណ៍មកថារថយន្តវ៉ែននោះបានបើកកាច់ចុះកាច់ឡើងនៅក្នុងល្បឿនលឿនលើផ្លូវ Las Ramblas Avenue ដ៏ល្បីល្បាញមួយក្នុងការទាក់ទាញភ្ញៀវទេសចរ។
សាក្សីដែលបានឃើញហេតុការណ៍នេះ Miguel Angel Rizo និយាយថា ការវាយប្រហារនេះព្រមជាមួយនឹងលទ្ធផលភ្លាមៗនោះគឺជាទិដ្ឋភាពដ៏ឃោរឃៅមួយ។
«ខ្ញុំបានឮមនុស្សជាច្រើនស្រែក ហើយបន្ទាប់មកខ្ញុំក៏បានឃើញឡានវ៉ែនមួយបើកនៅលើផ្លូវនោះ។ អ្នកអាចមើលឃើញមនុស្សដួលរេលនៅលើផ្លូវLas Ramblas។ វាគឺឃោរឃៅណាស់។ គឺជារូបភាពដ៏អាក្រក់ដែលមិនគួរឃើញ។»
កាសែត La Vanguardiaកំពុងតែរាយការណ៍ថា អ្នកវាយប្រហារម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស។
រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានអះអាងថាស្រ្តីរដ្ឋញូសៅវ៉ែលម្នាក់បានរងរបួសធ្ងន់ដោយសារតែហេតុការណ៍នេះ ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕




