ចាប់ពីថ្ងៃសៅរ៍ទី១ កក្កដានេះទៅ នឹងមានច្បាប់ថ្មីៗមួយចំនួនសម្រាប់អ្នកទាំងផ្ទះលើកដំបូងនៅទូទាំងផ្នែកខ្លះក្នុងប្រទេសអូស្រ្តាលី ដោយសង្ឃឹមថានឹងជួយបង្កើនចំនួនអ្នកដែលអាចឈានជើងចូលទៅក្នុងទីផ្សារផ្ទះសម្បែងបាន។
នៅក្នុងរដ្ឋញូសៅវ៉ែល អ្នកទិញផ្ទះលើកដំបូងនឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា (stamp duty) សម្រាប់ផ្ទះថ្មីនិងផ្ទះដែលសង់រួចជាស្រេចក្នុងតម្លៃរហូតដល់ទៅ 65ម៉ឺនដុល្លារ និងទទួលបានការលើកលែងពន្ធខ្លះសម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ទៅ៨០ម៉ឺនដុល្លារ។
នៅក្នុងរដ្ឋវិចថូរៀ សម្រាប់អ្នកទិញផ្ទះដំបូង ពន្ធប្រថាប់ត្រានឹងត្រូវលើកលែងចំពោះផ្ទះដែលមានតម្លៃក្រោម៦០ម៉ឺនដុល្លារ និងបន្ធូរបន្ថយខ្លះសម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ទៅ៧៥ម៉ឺនដុល្លារ។
កញ្ចប់ប្រាក់សន្សំ ស៊ុបភើសម្រាប់អ្នកទិញផ្ទះដំបូង (First Home Super Saver Scheme) នឹងអនុញ្ញាតិឲ្យអ្នកសន្សំដាក់ប្រាក់បញ្ចូលបន្ថែមទៅក្នុងប្រាក់សោធននិវត្តន៍ ហើយបន្ទាប់មកអាចដកយកមកធ្វើជាប្រាក់កក់ទិញផ្ទះ៕
