វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានឆ្លងផុតរដ្ឋសភាកម្ពុជាហើយ

Cambodia National Assembly meeting in July 2022

រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០។ Source: Meng Phalla

បើទោះបីជាមានការប្រឆាំងមិនគាំទ្រពីសំណាក់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលជាច្រើនក្តី នៅទីបំផុត វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ បានឆ្លងផុតរដ្ឋសភាហើយ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។


កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភា ក្នុងប្រទេស​កម្ពុជា​ បានប្រជុំ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។ វិសោធនកម្មលើរដ្ឋធម្មនុញ្ញនេះ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

រដ្ឋសភា មានសមាជិក ១២៥រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។ ប៉ុន្តែក្នុងកិច្ចប្រជុំរដ្ឋសភា ដែលពិភាក្សា អនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី២៨កក្កដា គឺមានសមាជិករដ្ឋសភា ជាអ្នកតំណាងរាស្ត្រ ត្រឹមតែ​ ១០៦រូប ចូលរួមប្រជុំ ដោយក្នុងនោះ ក៏មានវត្តមានរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមប្រជុំរដ្ឋសភា ក្នុងនាមលោកនាយករដ្ឋមន្ត្រី​ ជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល។

សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបានរដ្ឋសភា ប្រជុំ និងអនុម័ត ដោយសំឡេងគាំទ្រ ១០៥ លើ ១០៦សំឡេង។ នៅក្នុងរដ្ឋសភា នីតិកាលទី៦ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះ គឺមានអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា សរុប ១២៥រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។

គ្រាន់តែរដ្ឋសភា ប្រជុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះភ្លាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យ៉ាងហោចណាស់ មានគណបក្សនយោបាយ ចំនួន ៤ គឺគណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្ស​សំបុកឃ្មុំ និងគណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មមាត្រាមួយចំនួន ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានហៅការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ថាជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របទៅតាមគោលការណ៍របបសភានិយម និងដើម្បីផលប្រយោជន៍ជាតិ។

ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងឱ្យរាជរដ្ឋាភិបាល ក្នុងនាមជាអ្នកការពារលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នាពេលនេះ បានឡើងបង្ហាញនូវទឡ្ហីករណ៍ជាច្រើន ជុំវិញការធ្វើវិសោធនកម្មនេះ ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងនីតិវិធីផ្សេងៗ។

លោករដ្ឋមន្ត្រីវ័យក្មេង កើត រិទ្ធ បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

( សំឡេង )

យ៉ាងណាក៏ដោយ នៅមុនរដ្ឋសភា ប្រជុំ ពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នេះ មានគណបក្សនយោបាយ ចំនួន ៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលកើតចេញពីអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញជំហររួមគ្នា តាមរយៈញត្តិមួយច្បាប់ ដាក់ចូលទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយស្នើដល់រដ្ឋសភា ឱ្យបដិសេធ មិនគាំទ្រលើវិសោធនកម្ម កែប្រែរដ្ឋធម្មនុញ្ញ លើកទី១០ នាពេលនេះឡើយ។

គណបក្សនយោបាយទាំង ៤ បានបង្ហាញក្តីបារម្ភរួមគ្នាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច ដឹកនាំទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា ព្រមទាំងដឹកនាំគ្រប់ស្ថាប័ន នាពេលនេះ នឹងធ្វើឱ្យអំណាចរបស់រដ្ឋសភា ចុះទន់ខ្សោយ។

កត្តាចម្បងមួយ ត្រូវបានគណបក្សនយោបាយទាំង៤ បង្ហាញក្ដីបារម្ភខ្លាំង គឺរបបសភានិយម នឹងកាន់តែខ្សោយ នៅពេលវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ បានកែប្រែ។ ក្នុងនោះ មាត្រា ១១៩ថ្មី(មួយ) កែទៅមាត្រា ១១៩ថ្មី(ពីរ) គឺបានផ្លាស់ប្ដូរសិទ្ធិសម្រេច ក្នុងការស្នើបង្កើតរដ្ឋាភិបាល ពីប្រធាន អនុប្រធានរដ្ឋសភា ទៅគណបក្ស ដែលមានអាសនៈច្រើន ក្នុងរដ្ឋសភាទាំងស្រុង។ ដូចនេះ មានន័យថា រំលងសិទ្ធិអំណាចរបស់រដ្ឋសភា។

គណបក្សនយោបាយ ក្រៅរដ្ឋាភិបាល ក៏បានលើកឡើងបន្តថា មាត្រា៩៨ថ្មី(មួយ) ដែលបានកែទៅមាត្រា ៩៨ថ្មី(ពីរ) ដោយកាលពីមុន ត្រូវការសំឡេងតំណាងរាស្រ្តត្រឹមតែ ៣០រូប អាចដាក់ញត្តិស្ដីបន្ទោសរាជរដ្ឋាភិបាល។ ប៉ុន្តែពេលនេះ វិសោធនកម្មរដ្ឋធម្មនុញ្ញ បានកែ ដោយដំឡើងទៅ ១ ភាគ ៣ នៃសំឡេងក្នុងរដ្ឋសភា ស្មើនឹង ៤២រូបឡើងទៅ ទើបអាចដាក់ញត្តិស្ដីបន្ទោសរាជរដ្ឋាភិបាល។ លើសពីនេះ ចំណុចផ្សេងទៀត ដែលត្រូវកែប្រែក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញពេលនេះ សុទ្ធសឹងតែផ្ដោតលើសំឡេងបក្ស ឬតាមការស្នើរបស់បក្ស មានអាសនៈច្រើន ដែលជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស។

ចំណែកអង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ សរុបចំនួន ១០៤ស្ថាប័ន ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី២៧ ខែកក្កដា​ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលស្នើដោយរាជរដ្ឋាភិបាល នាពេលនេះ។ អង្គការមិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅក្នុងកាលៈទេសៈនេះ វាអាចបណ្តាលឱ្យមានការប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ដែលបានចារិក ក្នុងរដ្ឋធម្មនុញ្ញ។

ក៏ប៉ុន្តែ​ការលើកឡើងខាងលើរបស់គណបក្ស​នយោបាយ និង​ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលដូច្នេះ ត្រូវបាន​លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បានចាត់ទុកថា គ្រាន់តែជាការលើកឡើង ដែល​បំភ្លៃការពិត និងមិនបានដឹង​ពីខ្លឹមសារពិតប្រាកដ​នៃការកែប្រែ​រដ្ឋធម្មនុញ្ញ លើកទី១០ នាពេលនេះប៉ុណ្ណោះ។​

លោករដ្ឋមន្ត្រី កើត រិទ្ធ៖ ( សំឡេង )   

សូមរម្លឹកថា  ចាប់តាំងពីបង្កើតឡើង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ពេលនេះ រដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាយើង ត្រូវបានធ្វើវិសោធនកម្ម ចំនួន ១០លើកហើយ។ រដ្ឋធម្មនុញ្ញ កែលើកទី១ នៅឆ្នាំ១៩៩៤, លើកទី២ ឆ្នាំ១៩៩៩, លើកទី៣ ឆ្នាំ២០០១, លើកទី៤ ឆ្នាំ២០០៥, លើកទី៥ ឆ្នាំ២០០៦, លើកទី៦ ឆ្នាំ២០០៨, លើកទី៧ ឆ្នាំ២០១៤, លើកទី៨ ឆ្នាំ២០១៨, លើកទី៩ ឆ្នាំ២០២១ និងលើកចុងក្រោយនេះ នៅឆ្នាំ២០២២ នេះ។

យ៉ាងណាក៏ដោយ ចាប់តាំងពីឡើងកាន់អំណាច នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩​ គណបក្ស​ប្រជាជនកម្ពុជា តែងតែរក្សា​អំណាច និងសម្រេចអ្វីៗ ដោយគ្មានការរាំងស្ទះនោះទេ ពិសេស​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីការបោះឆ្នោត​ឡើងវិញ នៅកម្ពុជា រៀបចំដោយអ៊ុនតាក់​។

ម្យ៉ាងទៀត គេក៏មើលឃើញថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ គ្មានអ្វីក្រៅពី​ការរៀបចំរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបើកផ្លូវ​ឱ្យកូនប្រុសរបស់​លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយ​ជានាយករដ្ឋមន្ត្រី បន្តតំណែងពីលោក ដោយមិនមានការរារាំង​ណាមួយ ពីរដ្ឋសភា ឬក៏​នៅពេលលោក ហ៊ុន សែន ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅពាក់កណ្តាលអាណត្តិ ឬនៅពេលណាមួយ គឺ​គណៈរដ្ឋមន្ត្រីថ្មីមួយ ដឹកនាំដោយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងបានភ្លាម ដូចមានកំណត់​ក្នុងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ ដែល​បានកែប្រែ នាពេលនេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service