សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី ដែលទាមទារឲ្យមានការប្រឡងចូលសញ្ជាតិតឹងរឹងជាងមុន រួមទាំងការធ្វើតេស្តភាសាអង់គ្លេសកម្រិតមហាវិទ្យាល័យផងនោះ មិនអាចឆ្លងសភារួចឡើយកាលពីចុងឆ្នាំ២០១៧។
ដោយឡែក បក្សចម្រុះបានព្រលយឲ្យដឹងថា ខ្លួននឹងព្យាយាមស្វែងរកការគាំទ្រម្តងទៀតនៅឆ្នាំហិរញ្ញវត្ថុថ្មីនេះ ដោយមានការ បន្ធូរបន្ថយ កែសម្រួលលើចំណុចមួយចំនួនឡើងវិញ។
ឆ្លៀតក្នុងឱកាសដែលការប្រឡងចូលសញ្ជាតិនៅរក្សាដូចមុនដដែលនោះ លោក ជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចថូរៀបានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលមានសិទ្ធិចូលសញ្ជាតិ ដាក់ពាក្យសុំឲ្យបានរួសរាន់ ហើយខាងសមាគមខ្មែរក៏មានបើកថ្នាក់បង្រៀនត្រៀមសម្រាប់អ្នកប្រឡងចូលសញ្ជាតិផងដែរ៕






