ស្នងការរង លោក Stephen Leane បានរៀបរាប់ពីមូលហេតុដែលគេសង្ស័យថាបានបណ្តាលឲ្យយន្តហោះធ្លាក់នេះយ៉ាងដូច្នេះថា៖ “ យន្តហោះឈ្នួលមួយ ដែលមានម៉ាស៊ីនភ្លោះ បានចាកចេញពីព្រលានយន្តហោះ Essendon ហើយបន្តិចក្រោយមកក៏មានបញ្ហាម៉ាស៊ីន។ អ្នកបើកយន្តហោះបានព្យាយាមបកត្រឡប់មកព្រលានយន្តហោះEssendon វិញ ប៉ុន្តែក៏បានធ្លាក់ចូលទៅក្នុងផ្សារ DFO នៅEssendon នោះទៅ។ ខាងផ្នែកពន្លត់អគ្គីភ័យរដ្ឋវិចថូរៀ ប៉ូលិស និងរថយន្តសង្រ្គោះបន្ទាន់បានទៅដល់កន្លែងកើតហេតុភ្លាមៗ។ នៅទីនោះមានភ្លើងឆេះយ៉ាងខ្លាំង ប៉ុន្តែខាងក្រុមពន្លត់អគ្គីភ័យក្តោបក្តាប់ស្ថានការណ៍បានយ៉ាងល្អ ហើយពន្លត់បានទាំងស្រុង។”
គេជឿជាក់ថា អ្នកបើកយន្តហោះជនជាតិអូស្រ្តាលីមានឈ្មោះថា Max Quartermain គឺជាអ្នកបើកយន្តហោះដ៏មានបទពិសោធន៍ម្នាក់ ខណៈដែលស្ថានទូតអាម៉េរិកបានអះអាងថា អ្នកដំណើរទាំង៤នាក់សុទ្ធតែមកពីសហរដ្ឋអាម៉េរិក ដែលក្នុងនោះអ្នកដំណើរ២នាក់ឈ្មោះថា Greg Reynolds de Haven និង Russell Munsch៕

