ភ្នាក់ងារអន្តោប្រវេសន៍និយាយថា អតិថិជនរបស់ខ្លួនរាប់រយនាក់កំពុងតែភ័យស្លន់ស្លោ បន្ទាប់ពីបានដឹងដំណឹងថាពួកគេមិនអាចមានប្រាក់ចំណូលច្រើនគ្រប់គ្រាន់ដើម្បីធានាឳពុកម្តាយមករស់នៅក្នុងប្រទេសអូស្រ្តាលីបានទេនោះ។ រដ្ឋាភិបាលសហព័ន្ធបានផ្លាស់ប្តូរលក្ខខណ្ឌប្រាក់ចំណូលកាលពីដើមខែមេសាកន្លងទៅនេះ។ ឥឡូវSBS ទទួលដំណឹងមកថា បក្សGreenនឹងព្យាយាមបង្វិលការផ្លាស់ប្តូរនេះត្រឡប់មកវិញ។
នៅក្រោមច្បាប់ធានាឳពុកម្តាយ (Parent Visas)ចាស់ អ្នកនៅលីវម្នាក់ដែលចង់ធានាឳពុកម្តាយទាំងពីររបស់ពួកគេនោះ គឺត្រូវការប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជា៣ម៉ឺន៦ពាន់ដុល្លារ។
ឥឡូវសម្រាប់អ្នកនៅលីវ(Single) ដូចគ្នានេះ ត្រូវការភស្តុតាងបញ្ជាក់ពីប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ទៅ៨ម៉ឺន៧ពាន់ដុល្លារ។
ប្តីប្រពន្ធពីរនាក់ដែលធានាទាំងឳពុកនិងម្តាយនោះ ត្រូវការប្រាក់ចំណូលរួមបញ្ចូលគ្នាចំនួន ១១ម៉ឺន៥ពាន់ដុល្លារ៕





